ដុតកម្ទេចចោល សាច់មាន់មីន ដែលបង្ក្រាបបានចំនួន១៨០០ គីឡូក្រាម
បន្ទាយមានជ័យ ៖ សាច់ មាន់មីនជិត២តោនដែលឈ្មួញលួចនាំចូលពីប្រទេសថៃ ត្រូវបានមន្ត្រីជំនាញ នៃការិយាល័យផលិតកម្ម និងបសុព្យាបាល ចាប់ដុតកម្ទេចចោល ជាមួយសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើស កាំកុងត្រូលនារសៀថ្ងៃទី១៧ខែសីហា ឆ្នាំ២០១៦ ។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថា ដោយអនុវត្តតាមផែនការណែនាំរបស់ក្រសួងកសិកម្មក៏ដូចជានាយកដ្ឋាន និងមន្ទីរកសិកម្មខេត្តលើការទប់ស្កាត់ការនាំសត្វឫ សាច់សាច់ពីក្រៅប្រទេសដោយខុសច្បាប់ និងក្រោយទទួលបានព័ត៌មានពីការលួចនាំចូលមាន់មីន ខាងលើទើបលោកដឹកនាំមន្ត្រីរបស់លោកចាប់បានកាកពីយប់ ម៉ោង១១និង៤០ នាទីថ្ងៃទី១៦ សីហា ស្ថិតនៅ ផ្លូវលេខ២៥៨D ចំនុច ភូមិកូនត្រី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោក បន្តទៀតថា សាច់មាន់ដែលចាប់បានខាងលើជាប្រភេទកាកសំណល់សាច់មាន់ដែលសល់ពីរោងចក្រ សាច់មាន់ប្រទេសថៃ មានចំនួន២០០ថង់ ស្មើនិង១៨០០គីឡូក្រាម ដឹកតាមរយៈរថយន្តនីសាន់មួយបាំងកន្លះ ពណ៌ខៀវលាយទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប2A 4100 ដឹកចេញពីច្រករបៀង ក្នុងភូមិសាស្ត្រ អូរបីជាន់ ដែលមានតៃកុងរថយន្តឈ្មោះ សៀង ហ៊ុនហេង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក៏ត្រូវបានឃាត់ខ្លួន ។
លោក បន្តថា ដោយមានការសម្របសម្រួលនិងចូលរួមពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ព្រមទាំងការចូលរួមពីមន្ត្រីកាំកុងត្រូល នគរបាលប្រឆាំងបទល្មើសខេត្តនិងក្រសួងធ្វើការបាញ់ថ្នាំ សម្លាប់មេរោគមុននិងធ្វើការដុតកម្ទេចចោលនៅទីចាក់សំរាមក្នុងសង្កាត់កំពុងស្វាយ។ នេះជាលើកទីពីរ ហើយក្នុងខែនេះ ដែលសមត្ថកិច្ចសហការគ្នាចាប់បានការនាំចូលសាច់មាន់ខូចគុណភាពទ្រុង ទ្រាយធំ៕