លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភា មិនចូលបំភ្លឺ ក៏តុលាការបន្តនីតិវិធី
ភ្នំពេញ ៖ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី លោកស្រី ថាក់ ឡានី ដែលកំពុងរងបណ្តឹងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពុំបានចូលបំភ្លឺតាមការកោះ ហៅរបស់តុលាការ កាលពីព្រឹកថ្ងៃទី១៧ ខែសីហា នោះទេ ។ ប៉ុន្តែលោក សំ សុគង់ មេធាវីការពារក្ដីលោកស្រី ថាក់ ឡានី បានចូលខ្លួនតាមការកំណត់ ។
ពាក់ព័ន្ធករណីនេះ លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ថ្លែងតាមបណ្ដាញសង្គម Telegram កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ថា " ជនជាប់សង្ស័យឈ្មោះ ថាក់ ឡានី មិនបានចូលខ្លួនតាមកាលបរិច្ឆេទ នៃការកោះហៅលើកទី២ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ " ។
លោក សុផាណា បន្តថា " យើងសម្រេចបន្តចំណាត់ការសើបអង្កេតរឿងក្តីនេះទៀតដោយពិនិត្យលើពាក្យបណ្តឹង ភស្តុតាង និងសាក្សី ដែលមានប្រយោជន៍ដល់ចំណាត់ការរឿងក្តីនេះ " ។ លោក បានបន្ដ ថា " ការមិនចូលខ្លួនរបស់ជនជាប់សង្ស័យជាការបាត់បង់នូវប្រយោជន៍ សម្រាប់ការ ការពារខ្លួនដោយខ្លួនគាត់ផ្ទាល់ "។
គួរបញ្ជាក់ថា លោក គី តិច មេធាវីតំណាងសម្តេចតេជោ ចាត់ទុកថា ការចោទប្រកាន់មកលើសម្តេចជោ ហ៊ុន សែន ថាជាអ្នកនៅពីក្រោយខ្នងនៃអំពើឃាតកម្មបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នោះ មិនត្រឹមតែប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់សម្តេចតេជោ ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងមានចរិតជាការញុះញង់បំផុសបំផុលក្នុងចេតនាបញ្ឆេះកំហឹងមហាជន ដែលអាចបង្កឲ្យមានចលាចលក្នុងសង្គមនិងប៉ះពាល់ដល់ដំណើរការនីតិវិធីរបស់តុលាការ ទៀតផង ។
ក្នុងនោះ សម្ដេចតេជោ សំណូមពរឲ្យតុលាការផ្តន្ទាទោសជនសង្ស័យតាមច្បាប់ និង ទាមទារសំណងជំងឺចិត្តត្រឹម១០០រៀលតែប៉ុណ្ណោះ ៕
ដកស្រង់ ៖ ពីគេហទំព័របាយ័ន