បុរសម្នាក់ ជាភ្នាក់ងារសារព័ត៌មានខ្មែរ ម្ចាស់ស្រុក ក្អួតឈាមស្លាប់ នៅលើកាណូត ដោយមិនដឹងមូលហេតុ
កំពង់ឆ្នាំង៖ បុរសម្នាក់ ត្រូវគេស្គាល់ថា ជាភ្នាក់ងារសារព័ត៌មានខ្មែរម្ចាស់ស្រុក បានក្អួតឈាមស្លាប់ភ្លាមៗ នៅលើកាណូត ផ្អើលអ្នកដំណើរ នៅវេលាម៉ោងប្រមាណ៩ថ្ងៃទី១៥ សីហា ២០១៦ នៅលើកាណូត ដរកំពង់ឆ្នាំង-កំពង់លែង ។
នគរបាលស្រុកកំពង់លែង បានឲ្យដឹងថា បុរសដែលបានស្លាប់ដោយសារក្អួតនោះ មានឈ្មោះថា រស់ សំអាត អាយុ៥២ ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំង៣ សង្កាត់កំពង់ឆ្នាំង ក្រុង និងខេត្តកំពង់ឆ្នាំងជា ភ្នាក់ងារសារព័ត៌មានខ្មែរម្ចាស់ស្រុក ប្រចាំខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ច បានបន្ដថា នៅមុនពេលកើតហេតុបុរស រងគ្រោះខាងលើបានធ្វើដំណើរឆ្លងតាមកាណូត ដរ ចុះទៅស្រុកកំពង់លែង ដោយធ្វើដំណើរតាមកាណូត ជើងម៉ោង៨និង៣០ នាទីព្រឹកនៅពេលដែលកាណូត កំពង់ចេញដំណើរបុរសរងគ្រោះបានជជែកគ្នាលេងជាមួយអ្នកធ្វើដំណើរធម្មតា ខណះដែលកាណូត បានមកដល់ចំណុចដីដុលស្រាប់តែបុរសរងគ្រោះបានប្រាប់អ្នកបើកកាណូត អោយបើកតិចៗថា ខ្លួនហាក់ដូចជាធីងធោងចងក្អួត ។ ស្រាប់បន្តិចក្រោយមក គាត់អង្គុយចុះនិងបានលុតជង្គង់ ហើយក្អួតធ្លាក់សុទ្ធតែឈាម ដាច់ខ្យល់ស្លាប់ បង្កការភ្ញាក់ផ្អើលពេញលើកាណូត ។
សមត្ថកិច្ច បានបន្ថែមទៀតថា ភ្លាមនោះកាណូតដឹកអ្នកដំណើរបានធ្វើដំណើរបន្តមកដល់ចំណត ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពង់លែង បានចុះធ្វើការពិនិត្យសាកសពពុំមានអ្វីស្លាកស្នាមក៏បានប្រគល់អោយក្រុមគ្រួសារដឹកតាមកាណូត តូច យកមកលំនៅឋានវិញរៀបចំធ្វើបុណ្យតាមប្រពៃណី ៕