ចាប់ខ្លួនជនជាតិចិន ៦នាក់ ធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ តាមប្រព័ន្ធ អ៊ិនធើណេត ក្នុងបូរីពិភពថ្មី
ភ្នំពេញ ៖ ជនជាតិចិន៦នាក់ (ស្រី២នាក់) ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ សហការជាមួយការិយាល័យ ជនអន្តោប្រវេសន៍រាជធានីភ្នំពេញ និងការិយាល័យសន្តិសុខផ្ទៃក្នុងរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួន ពាក់ព័ន្ធធ្វើសកម្មភាពចាប់ជំរិតទារប្រាក់តាមប្រព័ន្ធ Internet ។ ប្រតិបត្តិការណ៍នេះ កាលពីម៉ោង០៩និង៣០ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ នៅចំណុចផ្ទះលេខ២៤ផ្លូវបេតុងលេខ០១ក្នុងបូរីពិភពថ្មី ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
ក្នុងប្រតិបត្តិការចុះទៅឆែកឆេរ និងឃាត់ខ្លួនក្រុមខាងលើដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ស៊ឹម វុទ្ធី ស្នងការរងទទួលបន្ទុកសន្តិសុខផ្ទៃក្នុងរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី លូ រ៉ាបូ ស្នងការរងទទួលបន្ទុកជនអន្តោប្រវេសន៍រាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ ក្រោមការសម្របសម្រួលរបស់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញនិងសមត្ថកិច្ចមូលដ្ឋានជាច្រើននាក់ទៀត។
លោក ម៉ក់ ហុង អធិការខណ្ឌសែនសុខ បានប្រាប់ថា ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងនគរបាលរបស់លោកបានឃាត់ខ្លួន ជនជាតិចិន០៦នាក់ ស្រី០២នាក់ព្រមទាំងដកហូតសម្ភារ និងវត្ថុតាងជាComputer និងសម្ភារៈ ល្មើសមួយចំនួនធំ ទៀតផង ដែរដែលក្រុមជនល្មើសរៀបចំធ្វើសកម្មភាពនាពេលកន្លងមក។
ក្រោយចាប់ខ្លួនជនជាតិចិនទាំងនេះ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជនអន្តោប្រវេសន៍រាជធានីភ្នំពេញ ដើម្បីបន្តការសួរនាំចាត់ការតាមផ្លូវច្បាប់៕