ទឹកស្រះក្បែរផ្ទះ ផ្ដាច់សង្ខារជីវិតឳពុក និងកូន យ៉ាងសោកសង្រេង
សៀមរាប៖ ស្ត្រីជាប្រពន្ធ និងម្តាយ បានយំបោកខ្លួនរហូតសន្លប់ ជាច្រើនដង ខណះពេលដែលឃើញ ប្តីនិងកូនជាទីស្រលាញ់ បានបាត់បង់ជីវិត ដោយសារលង់ទឹកស្រះក្បែរផ្ទះយ៉ាងសោកសង្រេង បំផុត កាលពីល្ងាចថ្ងៃទី១៤ ខែសីហាឆ្នាំ២០១៦នៅចំណុចផ្លូវលំគ្រួសក្រហម ក្នុងភូមិស្វាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
បើតាមការឲ្យដឹងពីលោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុក ពួកបានឲ្យដឹងថា ករណីឪពុក និងកូនលង់ទឹកនេះ គឺមានស្រះជម្រៅ៤ម៉ែត្រ ទំហំ៤គុណ១៣ម៉ែត្រ ស្ថិតនៅខាងជើងផ្ទះជនរងគ្រោះ ប្រហែល១៥០ម៉ែត្រ ដែលឪពុកនាំកូនទៅស្រោច ដំណាំដូង ដែលទើបនិងដាំថ្មី ក្នុងភូមិឃុំខាងលើ។
លោកបន្តថា ជនរងគ្រោះដែលបានស្លាប់ក្នុងករណីខាងលើនេះមាន ទី១-ឈ្មោះ ឈួន ដុល្លា ហៅចិន ភេទប្រុស អាយុ៤៦ឆ្នាំ មានមុខរបរជាបុគ្គលិកសណ្ឋាគារ ។ ទី២-ឈ្មោះ ឆាង ឆៃណា ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស(កូន) ។
លោកអធិការនគរបាលស្រុក បានបញ្ជាក់ថា ហេតុការណ៍នេះ ត្រូវបានក្មេងៗឃ្វាលគោឃើញហើយបានរត់ទៅប្រាប់អ្នកភូមិដែលនៅក្បែរនោះឲ្យជួយសង្គ្រោះតែអកុសលឪពុក និងកូនបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។ តាមការពិនិត្យសាកសពរបស់កម្លាំងសមត្ថកិច្ចនគរបាល និងប្រជាពលរដ្ឋដែលបានទៅស្រង់ជនរងគ្រោះ បានសន្និដ្ឋានថា ប្រហែលជាឪពុករវល់ស្រោចដំណាំកូនទៅលេងទឹកហើយលង បន្ទាប់មកឪពុកទៅជួយតែជួយមិនបានទើបបណ្ដាលឲ្យស្លាប់ទាំង០២នាក់ សពមានសភាពអោបគ្នាជាប់។បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕