បើកត្រាក់ទ័រភ្ជួរដីចំការ ប៉ះចំមីនតោនផ្ទុះកក្រើកដី មនុស្សប៉ើងហោះប្រមាណ៣ម៉ែត្រ
ពោធិ៍សាត់ ៖ បើកត្រាក់ទ័រភ្ជួរដីចំការរបស់ខ្លួន ប៉ះចំគ្រាប់មីនតោនសល់ពីសម័យសង្គ្រាម ផ្ទះកក្រើកធរណី ខូចខាតត្រាក់ទ័រក្លាយជាដែកអេតចាយ ចំណែកមនុស្សបានប៉ើងខ្ទាតហោះផ្លោង ចេញពីត្រាក់ទ័រប្រមាណ៣០ម៉ែត្រ តែសំណាងល្អគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។
ករណីនេះ បានកើតឡើងនៅវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០១៦ត្រង់ចំណុចអតីតភូមិសាស្ត្រសមរភូមិប្រយុទ្ធ ដ៏ក្ដៅ ទល់មុខអាស្រមលោកតាគ្រី ស្ថិតក្នុងភូមិស្ទឹងថ្មីឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
នគរបាលរដ្ឋបាលប៉ុស្តិ៍មូលដ្ឋាន ឃុំប្រមោយ បានឲ្យដឹងថា ជនរងគ្រោះ ម្ចាស់ត្រាក់ទ័រមានឈ្មោះ អាំង អេងឡាយ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅចំណុចអូរដូននាគ ភូមិឃុំកើតហេតុខាងលើ។ លោក បន្តថា មុនពេលកើតហេតុនេះឡើង គាត់បានបើកត្រាក់ទ័ររបស់គាត់មកដីចំការគាត់ដែលភ្ជួរធ្វើចំការ រៀងរាល់ឆ្នាំទល់មុខអាស្រមលោកតាគ្រី ដែលជាតំបន់អតីតសមរភូមិប្រយុទ្ធ ដ៏ក្ដៅ គគុក នេះមិនមានអ្វីកើតឡើងឡើយ គ្រាន់តែប៉ះកម្ទេចដែក ជាអំបែងតែប៉ុណ្ណោះ។ ចំណែក ត្រាក់ទ័រខូចខាត បែកជាបំណែកស្ទើរទាំងស្រុង ហើយរូបគាត់ នៅអង្គុយបើកត្រាក់ទ័រ ត្រូវបានកម្លាំងខ្យល់គ្រាប់ មីនតោន បុកឡើងប៉ើងហោះចេញពីត្រាក់ទ័រ ខ្ទាត ប្រហែល៣០ម៉ែត្រ ទើបធ្លាក់ដល់ដីសំណាងល្អបានដើមព្រៃឈើទប់ គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ៕