ខឹងស្រីស្នេហ៍ មានប្រុសច្រើន នាំយកមកឲ្យមិត្តភ័ក្ដិរំលោភបូក សន្លប់ស្តូកស្តឹង
កណ្តាល ៖ នារីម្នាក់ ត្រូវបានសង្សារ នាំយកមកឲ្យមិត្តភ័ក្ដិរំលោភបូក នៅក្នុងចំការស្វាយ រហូតដល់សន្លប់ស្ដូកស្ដឹង ព្រោះតែខឹងស្រីស្នេហ៍ មានប្រុសច្រើន។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ២១ និង ១០នាទី ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១៦ នៅចំណុចចំការស្វាយ ស្ថិតភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
នគរបាលស្រុកស្អាង អោយដឹងថា ជនរងគ្រោះឈ្មោះ ប.ប អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនី មានទីលំនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង។ ជនសង្ស័យមានគ្នា ៥នាក់ ដែលត្រូវ ឃាត់ខ្លួនគឺ ១- ឈ្មោះ រ៉េត រដ្ឋា ហៅ មោគ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ។ ២- ឈ្មោះ សុភាព ឆ្លូញ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ។ ៣- ឈ្មោះ កែវ ឆ្លាត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ៤- ឈ្មោះ យ៉ុង យុត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ។ ៥- ឈ្មោះ ធី លាង ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ។ ជនសង្ស័យទាំង០៥នាក់ ខាងលើ មានទីលំនៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
លោកវរសេនីយ៍ទោ សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានបញ្ជាក់ថា នារីដែលត្រូវបានសង្គ្រោះ នៅមន្ទីរពេទ្យនេះ បានរងគ្រោះដោយអំពើចាប់រំលោភពីសំណាក់ជនសង្ស័យទាំង៥នាក់ដែលត្រូវបានឃាត់ខ្លួន។រីឯជនសង្ស័យទាំ៥នាក់សមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួននៅចំណុចកំពង់ដរចុងកោះ។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះ រ៉េត រដ្ឋា បានសារភាពថា នារីរងគ្រោះជា សង្សារ របស់ខ្លួន តែដោយសារ នាងមានប្រុសច្រើនខ្លួន ក៏មានការខឹងគុំគួន ហើយទូរស័ព្ទ ហៅនាងមកជួបទាំងយប់រំលោភបូកជាមួយមិត្តភ័ក្ដិតែម្តងទៅ។បច្ចុប្បន្ន ជនសង្ស័យ៥នាក់ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងតាមនីតិវិធី នៃច្បាប់៕