កម្មករ២នាក់ ផឹកស៊ីទាស់ពាក្យសម្ដី ផ្ទុះអំពើហិង្សាម្នាក់ស្លាប់ ម្នាក់ចូលគុក
កោះកុង ៖ បុរស២នាក់ មានមុខរបរជាកម្មករ បានផឹកស៊ីជាមួយគ្នា ទាស់ពាក្យសម្តី បង្កជាអំពើហិង្សា បណ្តាលឲ្យបុរសម្នាក់ស្លាប់ ម្នាក់ចូលគុក ។ ករណីនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១ សីហា ឆ្នាំ ២០១៦ ម្សិលមិញនេះ នៅចំណុចភូមិត្រពាំង ឃុំដងពែង ស្រុកស្រែអំបិល។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ដែលមានឈ្មោះ តាន់ រតនា អាយុ៣៧ឆ្នាំ និងជនសង្ស័យឈ្មោះ វិត លី (ហៅញ៉េ) អាយុ២៤ឆ្នាំ អ្នកទាំង២នាក់ មានមុខរបរជាកម្មករ បានផឹកស៊ី ជាមួយគ្នា លុះមួយសន្ទុះធំ ពួកគេក៏មានទំនាស់សម្តី ហើយប្រើអំពើហិង្សា រហូតដល់បណ្តាលឲ្យជនរងគ្រោះស្លាប់។
ក្រោយកើតហេតុ ជនសង្ស័យ ត្រូវបានកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ធ្វើការឃាត់ខ្លួន និងរៀបចំបញ្ជូនសំណុំរឿងបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ត៕