អាគារកំពស់៥០០ម៉ែត្រ ខ្ពស់ជាងគេនៅរាជធានីភ្នំពេញ នឹងលេចជារូបរាងឡើង នៅចុងឆ្នាំនេះ
ភ្នំពេញ ៖ ការសាងសង់អាគារ១៣៣ជាន់កំពស់៥០០ម៉ែត្រ ជាអាគារខ្ពស់ជាងគេនៅរាជធានីភ្នំពេញនឹងចាប់ផ្តើមចុងឆ្នាំនេះ ខណៈពេលនេះក្រុមហ៊ុនបាននិងកំពុងឈានទៅបញ្ចប់ការធ្វើតេស្តដីក្នុងជំ ហ៊ានទី៣ នាពេលឆាប់ៗនេះ។
លោកសាស្ត្រាចារ្យ ទួស សាភឿន អគ្គលេខាធិការរងគណៈស្ថាបត្យកម្មកម្ពុជា បានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី១១ សីហានេះថា ការសាងសង់អាគារ Thai Bunrong Tower កំពស់៥០០ម៉ែត្រ នឹងចាប់ផ្តើមសាងសង់តាមផែនការ ព្រោះរហូតមកទល់ពេលនេះ ការធ្វើតេស្ដដីជំហ៊ានទី៣ នឹងបង្ហាញលទ្ធផលនៅពេលឆាប់ៗនេះ។លោក បន្តថា ក្រុមហ៊ុនបានជីកខួងដីចំនួន១៥០រណ្តៅបន្ថែម ដើម្បីធ្វើឲ្យប្រាកដថា គ្រឹះរបស់អាគារនេះ មិនត្រឹមតែអាចទ្រទ្រង់ទម្ងន់ និងកំពស់អាគារនោះទេ ប៉ុន្តែអាចការពារការញ្ជួយដីរហូតដល់កម្រិត៩ រិកទ័រទៀតផង។
លោក បានបន្តថា នៅកម្ពុជាមិនដែលមានការរញ្ជួយដីនោះទេ ប៉ុន្តែនេះជាការបង្ការជាមុន ព្រោះយើង មិនអាចដឹងថា អ្វីនឹងកើតឡើងនៅពេលអនាគតនោះទេ ជាក់ស្តែងជាបទពិសោធន៍ទីក្រុងបាម ស្ថិតនៅក្នុងប្រទេសអ៊ីរ៉ង់ បានរងការរញ្ជួយដីនៅឆ្នាំ១៩៩១ ដែលធ្វើឲ្យអាគារនានាក្នុងទីក្រុងនេះដួលរាបដល់ដី ខណៈដែលទីក្រុងនេះមិនដែលរងការរញ្ជួយដីរយៈពេល៥០០០ឆ្នាំ មកហើយ។
លោក បន្តថា ការសាងសង់អាគារខ្ពស់ជាងគេនៅទីក្រុងភ្នំពេញនេះ នឹងបញ្ចប់នៅឆ្នាំ២០១៩ខាងមុខ ដោយគ្រោងចំណាយរយៈពេលសាងសង់បីឆ្នាំ និងគ្រោងចំណាយទឹកប្រាក់រហូតដល់២១០០ លានដុល្លារ និង៣០០០លានដុល្លារទៀតសម្រាប់បំពាក់សម្ភារៈ និងធ្វើយ៉ាងណាឲ្យអាគារនេះអាចដំណើរការដោយរលូន។
លោកសាស្ត្រាចារ្យ ទួស សាភឿន បានបន្តថា “ទឹកប្រាក់សម្រាប់សាងសង់និងដំណើរការអាគារនេះមានគ្រប់គ្រាន់ហើយ មិនមានការព្រួយបារម្ភពីថវិកា សម្រាប់សាងសង់អាគារនេះនោះទេ”។
អាគារពាណិជ្ជកម្មថៃប៊ុនរ៉ុង នេះ វិនិយោគដោយក្រុមហ៊ុនថៃ ប៊ុនរ៉ុងគ្រុប និងក្រុមហ៊ុនលំដាប់លេខ១មកពីប្រទេសចិន និងគ្រោងសាងសង់លើផ្ទៃដីទំហំជាង៦ហិកតា ស្ថិតនៅតំបន់កំសាន្តឌ្រីមលែន។
នៅពេលសួរថា តើអាគារនេះ ធំពេកឬទេសម្រាប់ទីក្រុងភ្នំពេញ ខណៈទំហំសសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅមានកម្រិត លោកសាស្ត្រាចារ្យ ទួស សាភឿន បានថ្លែងថា ទំហំគម្រោងនេះមិនធំនោះទេ បើគិតពីកម្រិតការប្រើប្រាស់របស់អាគារនេះ ព្រោះអាគារនេះ មានផ្សារទំនើបលំដាប់ផ្កាយប្រាំ សម្រាប់លក់ទំនិញល្បីៗ លើពិភពលោក មានអាគារការិយាល័យ មានអាផាតម៉ិន សម្រាប់អភិជននិងវរៈជន មានសណ្ឋាគារកម្រិតផ្កាយ៦ ភោជនីយដ្ឋានកម្រិតផ្កាយប្រាំ និងកន្លែងគយគន់ទិដ្ឋភាពទីក្រុងភ្នំពេញ នៅជាន់លើបង្អស់នៃអាគារនេះ ជាដើម។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការសាងសង់អាគារខ្ពស់នៅរាជធានីភ្នំពេញជាបញ្ហាធំ ដែលត្រូវយកចិត្តទុកដាក់ និងគិតគូរយ៉ាងយកចិត្តទុកដាក់ ដោយសំណួរដំបូងត្រូវសួរថា វាមានផលប៉ះពាល់ផ្លូវអាកាស ឬទេ? សំណួរទី២ តើវាប៉ះពាល់ដល់ដំបន់ត្រូវហាមឃាត់ការសាងសង់អាគារខ្ពស់ឬទេ និងទី៣ ប្រសិនជាមានអគ្គិភ័យកើតឡើង តើយើងត្រូវរំដោះមនុស្សបែបណា ព្រោះសមត្ថភាពពន្លត់អគ្គិភ័យរបស់ក្រុង អាចធ្វើបានត្រឹមជាន់ទី២០ប៉ុណ្ណោះ ហើយកម្ពុជាក៏មិនទាន់មានយន្តហោះសម្រាប់បាញ់ពន្លត់អគ្គិភ័យ និងការរំដោះមនុស្សនៅឡើយទេ។
លោកបន្តថា “ទោះជាមានការអភិរក្សក្តី ទោះជាសមត្ថភាពឆ្លើយតបបញ្ហាអគ្គិភ័យរបស់យើងនៅមានការខ្វះខាតក្តី មិនមែនមានន័យថា យើងមិនអនុញ្ញាតឲ្យសាងសង់នោះទេ”។លោក បន្តថា “សាលារាជធានីភ្នំពេញកំពុងធ្វើការសហការជាមួយក្រុមហ៊ុនអន្តរជាតិចំនួនពីរ ដើម្បីធ្វើការងារទាក់ទង នឹងគ្រោះថ្នាក់ជាយថាហេតុ ឬអគ្គិភ័យណាមួយកើតឡើងនៅតាមអាគារខ្ពស់ៗរួចហើយ”៕
ដកស្រង់ ៖ ពីគេហទំព័របាយ័ន