នាំខ្លួនជនសង្ស័យឈ្មោះ ជួប សម្លាប់ មកសាកសួរបន្ថែម ករណីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៦នេះ លោក សេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យនាំខ្លួន ជនសង្ស័យឈ្មោះ ជួប សម្លាប់ មកបន្តការសាកសួរបន្ថែម ករណីបាញ់ សម្លាប់ លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ ។
តុលាការចាប់ផ្ដើមសវនាការឈ្មោះ ជួប សម្លាប់ តាំងពីម៉ោងជាង៨ព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ ទើបតុលាការបញ្ចប់ការសាកសួរនេះ ។ ទោះបីយ៉ាងណា លទ្ធផល នៃការសាកសួរ ពុំទាន់ត្រូវបានប្រភពព័ត៌មានណាមួយបង្ហើបឲ្យដឹងនៅឡើយទេ ។
ឈ្មោះ ជួប សម្លាប់ ត្រូវបានដឹកតាមរថយន្ត ឡង់គ្រីស័រ របស់ពន្ធនាគារព្រៃស ។ បន្ទាប់ពីចុះពីលើរថយន្តភ្លាម ឈ្មោះ ជួប សម្លាប់ ត្រូវបានបញ្ជូនឡើងទៅលើអគារតុលាការ ដោយពុំបាននិយាយអ្វីឡើយ ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីវេលាម៉ោង៨៖៥០នាទី ព្រឹកថ្ងៃទី១០ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងទីតាំង ស្តារម៉ាត នៃស្ថានីយប្រេងឥន្ធនៈកាល់តិច បូកគោ ស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និង មហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ៕