តុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនប៉េអិមស័ក្តិ៤ម្នាក់ ក្រោមបទចោទប្រកាន់ចំនួនពីរ
សៀមរាប ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប បានសម្រេចចេញដីការឃុំខ្លួនប៉េអិមពាក់ស័ក្តិ៤ខេត្តកំពង់ធំម្នាក់ ជាបណ្ដោះអាសន្ន ដែលល្បីខាងកាងបទល្មើសឈើគ្រញូង ក្រោមបទចោទប្រកាន់ចំនួន២ករណី ។
លោកយិនស្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានឲ្យនៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ម្សិលមិញថា ជាការពិតណាស់ ចៅក្រមបានសម្រេចចេញដីកាឃុំខ្លួនប៉េអិមស័ក្តិ៤ មកពីខេត្តកំពង់ធំ ដែលល្បីខាងកាងបទល្មើសឈើគ្រញូង តាំងពីល្ងាចថ្ងៃ៩ ខែសីហាមកម្ល៉េះ ក្រោមបទចោទប្រកាន់ចំនួនពីរ។ទី១.រារាំង កិច្ចការមន្ត្រីរដ្ឋបាលព្រៃឈើតាមមាត្រា១០០នៃច្បាប់ស្តីពីព្រៃឈើ។ទី២. សមគំនិតក្នុងអំពើដឹកជញ្ជូន និងប្រមូលផលអនុផលព្រៃឈើតាមមាត្រា៩៨ ខណ្ឌ ២ចំណុច៥ ស្តីពីច្បាប់ព្រៃឈើ និងមាត្រា២៩នៃក្រមព្រហ្មទណ្ឌដែលអាចជាប់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ។
សូមបញ្ជាក់ថា ប៉េអិមពាក់ស័ក្តិ៤ឈ្មោះ សេង ប៊ុន តេង ដែលមានតួនាទីជាជំនួយការមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល កាលពីម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ ត្រូវសមត្ថកិច្ចរដ្ឋបាលព្រៃឈើសៀមរាប ចាប់ក្របួចវាយខ្នោះហើយរៀបចំ សំណុំរឿងបញ្ជូនទៅកាន់តុលាការ បន្ទាប់ពីជនរូបនេះ បើកឡានរបស់ខ្លួនកាងឡានដឹកឈើគ្រញូង រាំងផ្លូវសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសព្រៃឈើ។ដែលទង្វើនេះ ធ្វើឡើងចាប់ពីម៉ោង៤ទាបភ្លឺថ្ងៃទី៩ ខែសីហា តាំងពីចំណុចស្រុកបន្ទាយស្រី រហូតដល់ម៉ោង៥និង៣០នាទីព្រឹកថ្ងៃដដែល ទើបចាប់បាន នៅចំណុចផ្លូវជាតិលេខ៦ ក្នុងស្រុកប្រាសាទបាគងនៃខេត្តសៀមរាប។
លោក ម៉ុង ប៊ុនលីម នាយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី បានឲ្យដឹងថា មូលហេតុដែលឈានទៅដល់ការចាប់ឃាត់ខ្លួនលោកប៉េអិមស័ក្តិ៤នេះ ដំបូងសមត្ថកិច្ចបានស្ទាក់ចាប់រថយន្ត ដឹកបទល្មើសព្រៃឈើ១គ្រឿង(ដឹកឈើគ្រញូង)ខណៈនោះលោកស័ក្តិ៤ប៉េអិមរូបនេះ បានបើករថយន្តធុនលុចស៊ីស ៤៧០ពាក់ស្លាកលេខភ្នំពេញ2L9861 ពណ៌ខ្មៅរបស់ខ្លួន មកពាំងពីមុខរថយន្តសមត្ថកិច្ច។
លោក ម៉ុង ប៊ុនលីម បានបន្ដថា រថយន្តលោកប៉េអិម១គ្រឿងនេះ បើករ៉េពេញថ្នល់ ពាំងឆ្វេងស្តាំធ្វើឲ្យរថយន្តសមត្ថកិច្ចចំនួន៣គ្រឿង មិនអាចឡើងស្ទាក់ចាប់រថយន្តដឹកបទល្មើសបាន។ក្នុងគ្រាដែលសមត្ថកិច្ចនៅតែបន្តដេញចាប់រថយន្តដឹកបទល្មើសប៉េអិមរូបនេះ បានហៅរថយន្តបក្ខពួករបស់គេ១គ្រឿងទៀតម៉ាកកាមរីឆ្លាមមកជួយរាំងផ្លូវរហូតរថយន្តដឹកបទល្មើសរត់គេចបាត់។
លោក បន្តទៀតថា ក្នុងស្ថានការនោះតំណាងអយ្យការអមសាលាដំបូងខេត្តបញ្ជាឲ្យចាប់រថយន្តដែលរារាំងដំណើរការបង្ក្រាបបទល្មើសរបស់សមត្ថកិច្ចហើយក្រុមសមត្ថកិច្ចក៏បានដេញស្ទាក់ចាប់រថយន្តឡិចស៊ិស របស់ប៉េអិមរូបនេះ ឆ្វែលពេញក្រុងសៀមរាប រហូតដល់ចំណុច ភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគងទើបចាប់បាន។
ក្នុងពេលចាប់ឃាត់ខ្លួនមន្ត្រីប៉េអិមខាងលើនេះ គឺបានដកហូតរថយន្តឡិចស៊ិស៤៧០មួយគ្រឿង អាយកូម១គ្រឿង ស្រោមកាំភ្លើងខ្លីចំនួន២ ខ្នោះដៃចំនួន២ សាងគ្រាប់កាំភ្លើង ចំនួន៣ គ្រាប់កាំភ្លើងខ្លីម៉ាកឡុក១៤គ្រប់ និងកង់សាគួរថយន្តចំនួន២។
ក្រោយពេលចាប់ខ្លួនលោកស័ក្តិ៤ប៉េអិមឈ្មោះ សេង ប៊ុនតេង ក៏ធ្លាយព័ត៌មានថាប៉េអិមរូបនេះក្រៅពីចេញចាប់បទល្មើសព្រៃឈើ និងបទល្មើសផ្សេងៗដើម្បីទារប្រាក់នៅក្នុងទឹកដីខេត្តកំពង់ធំរូបគេក៏ជាមេខ្លោងដ៏ធំម្នាក់ ដែលតែងតែយកតួនាទីទៅកាងរថយន្តដឹកបទល្មើសឈើគ្រញូង ពីខេត្តឧត្តរមានជ័យខេត្តព្រះវិហារនិងខេត្តសៀមរាបផងដែរ ដោយនាំយកទៅកាន់ព្រំប្រទល់ប្រទេសវៀតណាមឯខេត្តត្បូងឃុំ៕