ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់ នៅស្រុកសំឡូត ចំនួនអ្នកស្លាប់កើនឡើងដល់៥នាក់ហើយ
បាត់ដំបង ៖ អ្នកស្លាប់ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រវាងរថយន្ត និងម៉ូតូ បានកើនឡើងដល់ចំនួន៥នាក់ហើយ ក្រោយពីបានបញ្ជូនជនរងគ្រោះទាំងអស់ទៅដល់មន្ទីរពេទ្យ គិតត្រឹមព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ។
បើយោងតាមរបាយការណ៍របស់ លោក អធិការរង កំ គន បានអោយដឹងថា នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៦ និង៣០នាទីល្ងាច នៅចំណុចក្រុម ៣ ភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងដោយមានរថយន្តមួយគ្រឿងម៉ាក តូយ៉ូតាមួយបាំងកន្លះ ពាក់ស្លាកលេខ ភ្នំពេញ2AE.0700 បើកបរដោយយុវជនម្នាក់ ឈ្មោះ ស្នា អាយុ ២៧ឆ្នាំ រស់នៅក្នុងស្រុកម៉ោងឫស្សី ខេត្តបាត់ដំបង និងមានអ្នករួមដំណើរចំនួន៥នាក់។
របាយការណ៍ បានបន្តថា ដោយការប្រើប្រាស់ល្បឿនលឿនហួសកំណត់ រួមផ្សំ នឹង ផ្លូវ ដែលកំពុងជួសជុល និងចាក់ដី ខ្ពស់ទាប ផងនោះ បណ្តាល អោយរថយន្តរអិលក៏រេចង្កូត ជ្រុលទៅបុក នឹងម៉ូតូដែលបើកបរ ច្រាសទិសគ្នា បណ្តាលអោយ មនុស្សចំនួន៣នាក់ ដែលកំពុងជិះលើម៉ូតូ បាន ស្លាប់ទាំងអស់ ចំណែកមនុស្សនៅក្នុងរថយន្ត ក៏រងរបួសធ្ងន់ ស្រាល ៦នាក់ដែរ ។
ក្រោយពេលដែលសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ឃើញថា ខាងភាគីម៉ូតូ ស្លាប់ទាំង៣នាក់ នោះមាន ១ ឈ្មោះ ហ៊ីង សុទីន ភេទស្រី អាយុ ២៣ឆ្នាំ ២. ឈ្មោះ រស់ សុឃៀ ភេទស្រី អាយុ ២៤ឆ្នាំ និង៣ ឈ្មោះ អេន សុរ៉ា ភេទស្រី អាយុ ៣ឆ្នាំ អ្នកទាំង៣ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ។ រីឯម៉ូតូជនរងគ្រោះ ត្រូវបាន ដាច់ជាពីរកំណាត់ ហើយបានប៉ើងទៅធ្លាក់នៅក្នុងប្រឡាយទឹក។ ចំណែករថយន្តក៏ដូចគ្នាដែរ គឺបានធ្លាក់ទៅក្នុងជ្រលង ដោយបានបះជើងឡើងលើបណ្តាលអោយមនុស្សចំនួន៦នាក់ ដែលជិះនៅក្នុងរថយន្តរងរបួសទាំងអស់ ព្រមទាំងបានបញ្ចូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ផងដែរ ។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងប្រមូលវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋានស្រុកសំឡូត ។
នៅព្រឹកថ្ងៃទី១១ ខែសីហា នេះ សមត្ថកិច្ច បានទទួលព័ត៌មានថា ជនរងគ្រោះ ដែលបានបញ្ជូនទៅកាន់មន្ទីរពេទ្យ គឺបានស្លាប់ចំនួន២ នាក់ទៀតហើយ ដោយក្មេងម្នាក់ និង មនុស្សធំម្នាក់ ដែលជាអ្នករស់នៅស្រុកមោងឫស្សី និងនៅស្រុកគាស់ក្រឡ ៕