ស្ពានជ្រោយចង្វារចាស់ ត្រូវបិទចរាចរណ៍ឆ្លងកាត់ទាំងស្រុង រយៈពេល២ឆ្នាំ
ភ្នំពេញ ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ស្ពានជ្រោយចង្វារចាស់ឫ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន នឹងត្រូវបិទមិនឲ្យធ្វើចរាចរទាំងស្រុងក្នុងរយៈពេល២ឆ្នាំ រហូតដល់អំឡុងខែមករា ឆ្នាំ២០១៩ ដើម្បីធ្វើការ ជួសជុល និងកែលម្អរឡើងវិញ ខណៈពេលស្ពាននេះ មានសភាពទ្រុឌទ្រោមខ្លាំង ។
ក្នុងកិច្ចប្រជុំ ជាមួយ គណៈកម្មការ អន្តរក្រសួង ដោះស្រាយផលប៉ះពាល់គម្រោងជួសជុល ស្ពានជ្រោយចង្វារចាស់ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការពីប្រទេសជប៉ុន នៅរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ សីហា លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា ពេលនេះគណៈកម្មការ អន្តរក្រសួងដោះស្រាយផលប៉ះពាល់គម្រោងជួសជុល ស្ពានជ្រោយចង្វារចាស់ បានជួបប្រជុំគ្នា ដើម្បីដោះស្រាយប្រជាពលរដ្ឋរស់នៅគល់ស្ពានដែលទទួលរងផលប៉ះពាល់ ហើយការជួសជុលនេះ មានទ្រង់ទ្រាយធំ ។
លោក បន្តថា ការងារជួសជុលស្ពាននេះ ត្រូវបិទការធ្វើចរាចរណ៍ ទាំងស្រុង ដើម្បីឲ្យក្រុមការងារ ងាយស្រួល ព្រោះស្ពាននេះ មានសភាពទ្រុឌទ្រោមខ្លាំង ជាពិសេសកំណល់ឫធ្នឹមទ្រ តួស្ពានសង់ខាង និងការងារជាច្រើនទៀត ត្រូវចំណាយថវិកាអស់ប្រមាណ៣៣ លានដុល្លា អាមេរិក ដែលជាជំនួយឥតសំណង ឬតាមរយៈហិរញ្ញប្បទានសហប្រតិបត្តិការពីប្រទេសជប៉ុន ដោយចាប់ផ្តើមពីខែមករា ២០១៧តទៅ និងត្រូវបញ្ចប់ជាស្ថាពរនៅពាក់កណ្តាលខែមករា ២០១៩ខាងមុខនេះ ។
គួររំលឹកថា កាលពីថ្ងៃទី១៧កុម្ភៈ២០១៥ ស្ពានជ្រោយចង្វារចាស់ត្រូវបានបិទមិនឲ្យមានការបើកបរឆ្លងកាត់ គឺទុកឲ្យក្រុមមន្ត្រីជំនាញជនជាតិជប៉ុន និងអ្នកជំនាញរបស់ក្រសួងសាធារណការ ធ្វើការត្រួតពិនិត្យអំពីគុណភាពរបស់ស្ពាន និងរៀបចំឲ្យមានរថយន្តចំណុះ២៥តោន ចំនួន២៥គ្រឿង បើកឆ្លងកាត់ចុះឡើងៗដើម្បីវាយតម្លៃ គុណភាព ។ការបិទបណ្តោះអាសន្ននោះ បន្ទាប់ពីស្ពាននេះ បានទទួលរងស្នាមប្រេះក្បាលស្ពានទាំងសងខាង ។ស្ពានជ្រោយចង្វារចាស់មានប្រវែង៧០៩ម៉ែត្រ ត្រូវបានកសាងឡើងនៅសម័យសង្គមរាស្ត្រនិយមក្នុងឆ្នាំ១៩៦៦ ក្រោយមកបានត្រូវកាត់ផ្តាច់នៅឆ្នាំ១៩៧២ ដោយសារការដាក់បង្កៃគ្រាប់មីន នៅក្នុងរថយន្ត ក្រោយមកបានជួសជុលឡើងវិញ និងសម្ពោធដាក់ឲ្យប្រើសប្រាស់នៅថ្ងៃទី២៦ កុម្ភៈ១៩៩៤ ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ។ បច្ចុប្បន្នស្ពានមានលក្ខណៈទ្រុឌទ្រោម ឈានដល់ចំណុចប្រកាស អាសន្ន និងមិនឲ្យមានការធ្វើចរាចរឆ្លងកាត់ទៀតផង ។ កាលពីពេលថ្មីៗ កន្លងមក ដោយសារគ្មានជម្រើស ម្យ៉ាងស្ពានជ្រោយចង្វារថ្មីសាងសង់ មិនទាន់រួច ទើបរាជរដ្ឋាភិបាលស្នើសុំទៅភាគីជប៉ុន ដើម្បីសុំពន្យាពេលរហូតមកដល់ពេលនេះតែម្តង ៕
ដក់ស្រង់ ៖ គេហទំព័របាយ័ន