សមត្ថកិច្ច បង្ក្រាប រថយន្ដចង្កូតស្ដាំ សេរីទំនើប២គ្រឿង រកឃើញកាំភ្លើង២ដើម និងថ្នាំញៀនជាច្រើគ្រាប់
បន្ទាយមានជ័យ ៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានប្រតិបត្តិការបង្ក្រាប ការនាំចូលរថយន្តចង្កូតស្តាំ សេរីថ្មីចំនួន២គ្រឿង ពីប្រទេសថៃ ដោយឆ្លងដែនខុសច្បាប់ ឃើញគ្រឿងញៀន៥កញ្ចប់ និងកាំភ្លើង២ដើម ឃាត់ខ្លួនជនសង្ស័យ ជាអ្នកបើករថយន្តម្នាក់ ។
លោក សិទ្ធ ឡោះ ស្នងការរងកណ្តាលយុត្តិធម៌ នៃស្នងការនគរបាខេត្តបន្ទាយមានជ័យ បានឲ្យដឹងកាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ថា ដោយទទួលបានការបញ្ជាពីលោកឧត្តសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយអោយលោកដឹកនាំកម្លាំងបង្ក្រាបការនាំចូលរថយន្ត ចង្កូតស្តាំពីប្រទេសថៃចូលមកកម្ពុជាតាមច្រករបៀង កម្លាំងជំនាញរបស់លោក បានឈានដល់ការបង្ក្រាបបានរថយន្តចំនួន២គ្រឿង ដែលរថយន្តមួយគ្រឿងជារថយន្តសេរីឆ្នាំ២០១៦ និងមួយគ្រឿងទៀតជារថយន្តកាមរី សេរីចាស់ នៅចំនុចភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុងអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ លោក បន្តថា ការបង្ក្រាបរថយន្តចង្កូតស្តាំនេះ សមត្ថកិច្ចបានរកឃើញកាំភ្លើងខ្លីចំនួន២ដើម និងថ្នាំញៀនប្រភេទយ៉ាម៉ាគ្រាប់ ពណ៌ក្រហម ចំនួន៥កញ្ចប់ (រាប់រយគ្រាប់) និងឃាត់ខ្លួនជនសង្ស័យជាអ្នកបើករថយន្តម្នាក់ផងដែរ ។
ចំពោះ ជនសង្ស័យម្នាក់ និងវត្ថុតាម មាន រថយន្ត ថ្នាំញៀន និងកាំភ្លើង ត្រូវបានបញ្ជូនមកស្នងការនគរបាល ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ននេះ នគរបាលកំពុងស្រាវជ្រាវរកជនពាក់ព័ន្ធបន្ថែមទៀត ដែលធ្វើការនាំចូលរថយន្តចង្កូតស្តាំដោយខុសច្បាប់ ការជួញដូរគ្រឿងញៀន និងការប្រើប្រាស់អាវុធដោយខុសច្បាប់នេះតែម្តង ។
សូមបញ្ជាក់ថា រថយន្តចង្កូតស្តាំ បន្ទាប់ពីរដ្ឋាភិបាលអនុញ្ញាត អោយមានការបង់ពន្ធគេឃើញថា នៅតាមបណ្តាខេត្ត ជាប់ព្រំដែនមួយចំនួន ដូចជា ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តប៉ៃលិន គឺមានរថយន្តចង្កូតស្តាំសេរីទំនើប ៗ ឆ្នាំ២០១៤-២០១៥-២០១៦ បានលួចនាំចូលពីប្រទេសថៃ ធ្វើចរាចរយ៉ាគគ្រឹកគគ្រេងតាមបណ្តាខេត្តជាប់ព្រំដែនទាំងនេះ ។ ដោយឡែកសម្រាប់ខេត្តបន្ទាយមានជ័យ ការលួចនាំចូលរថយន្តចង្កូតស្តាំ ខុសច្បាប់ នេះ តែងត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបជាបន្តបន្ទាប់ ៕