ពលរដ្ឋជាង១ពាន់នាក់ ជិះម៉ូតូផ្សព្វផ្សាយ ពាក់មួកសុវត្ថិភាព និងរើសសំរាម នៅតាមដងផ្លូវ
សៀមរាប ៖ ប្រជាពលរដ្ឋ ខេត្ត សៀមរាបជាង ១០០០នាក់ បានចូលរួមផ្សព្វផ្សាយ ជិះម៉ូតូ ដោយពាក់មួកសុវត្ថិភាព ក្នុងពេលបើកបរ និងនាំគ្នា ដើររើសសំរាម ដោយពួកគេចេញដំណើរពីភូមិវប្បធម៌ ឆ្ពោះទៅកាន់ប្រាសាទអង្គរវត្ត នៃខេត្តសៀមរាប ។
ក្នុងការបើកបរ ដោយពាក់មួកសុវត្ថិភាព គឺជាប្រធានបទមួយ ដែលក្រុមហ៊ុន អិនស៊ីអិច ហុងដា បានរៀបចំឡើង កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ ក្នុងការដង្ហែម៉ូតូហុងដា ប្រចាំឆ្នាំ២០១៦ ដើម្បីអប់រំដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺស្រទាប់យុវវ័យ អំពីការពាក់មួកសុវត្ថិភាព នៅពេលបើកបរ ម៉ូតូ ។
ម្ចាស់ រៀបចំកម្មវិធី នេះ បានបញ្ជាក់ថា ក្នុងកម្មវិធីនេះ ក្រុមគ្រួសារ Honda បាននាំគ្នាចូលរួមរើសសំរាម នៅបរិវេណឧទ្យានអង្គរ ដើម្បីចូលរួមចំណែក ថែរក្សា និងសំអាតបរិស្ថាន ទាំងអស់គ្នា ក្រោមស្មារតី សកម្មភាពខ្ញុំ គឺដើម្បីសម្បត្តិបេតិកភណ្ឌ របស់យើងទាំងអស់គ្នា បរិស្ថានស្អាត គឺឆ្លុះបញ្ចាំងពីវប្បធម៌ និងសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិយើង បរិស្ថានស្អាត គឺផ្តើម ចេញពីយើងទាំងអស់គ្នា។
ម្ចាស់ រៀបចំរូបនេះ បន្តថា ក្បួនដង្ហែនេះ មានម៉ូតូប្រមាណជា ៧០០គ្រឿង នៃគ្រប់ម៉ូឌែលរបស់ក្រុមហ៊ុន ហុងដា មានដូចជា Honda Dream, Honda Scoopy, Honda Wave, Honda Click, Honda Moove, Honda MSX ដោយមានអ្នកចូលរួម មានរហូតដល់ ជាងមួយពាន់នាក់ ដែលមកពីបណ្តាខេត្ត ជុំវិញខេត្តសៀមរាប ដូចជា ខេត្តកំពង់ចាម កំពង់ធំ បាត់ដំបង បន្ទាយមានជ័យ ព្រះវិហារ រតនគិរី ស្ទឹងត្រែង ក្រចេះ ពោធិ៍សាត់ ប៉ៃលិន និងខេត្តឧត្តរមានជ័យ៕