បាត់កូនក្រមុំ១ខែ លឺដំណឹងថា ធ្វើការនៅសៀមរាប ថៅកែប្រុងយកនាងទៅប្រទេសវៀតណាម ស្ដ្រីជាម្ដាយ សុំឲ្យអាជ្ញាធរសៀមរាបជួយ
កំពង់ឆ្នាំង ៖ ព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ ស្ត្រីមេម៉ាយក្រីក្រម្នាក់ បានដើរស្វែងរកអ្នកសារព័ត៌មាន អោយជួយផ្សព្វផ្សាយ ព្រោះតែកូនស្រីក្រមុំគាត់ម្នាក់ បានបាត់ពីផ្ទះ១ខែហើយ ប៉ុន្តែ៤ទៅ៥ថ្ងៃមុននេះ នាងបានលួចទូរស័ព្ទប្រាប់គាត់ ជាម្តាយថា អោយគូរដណ្ដឹងនាងឆាប់ មកយកនាងទៅផ្ទះវិញផង ព្រោះឥឡូវនាងនៅកំពុងនៅធ្វើជាអ្នកបំរើក្នុងផ្ទះគេ នៅផ្សារក្រឡាញ់ ខេត្តសៀមរាប ព្រោះ នាងឭម្ចាស់ផ្ទះនាងស្នាក់នៅថា និងនាំនាងទៅប្រទេសវៀតណាម ក្នុងពេលឆាប់ៗនេះហើយ។
ស្ត្រីមេម៉ាយឈ្មោះ អាន រឿន អាយុ៥១ឆ្នាំ រស់នៅភូមិត្រពាំងពោធិ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ពេលជួបអ្នកយកព័ត៌មានយើង បាននិយាយអោយដឹងថា គាត់មានជីវភាពក្រីក្រណាស់ មានកូន៥នាក់ ប្រុសម្នាក់ ចំណែកកូនស្រីក្រមុំដែលកំពុងហៅអោយគាត់ជួយពេលនេះមានឈ្មោះ កៅ រីម អាយុ១៩ឆ្នាំ មានគូរដណ្ដឹងឈ្មោះ សល់ រមនា អាយុ៣៥ឆ្នាំ ជាជាងជួសជុលរថយន្ត នៅស្វាយស៊ីសុផុន ខេត្តបន្ទាយមានជ័យ។ កូនស្រីគាត់បានស្គាល់គូរដណ្តឹងខាងលើនេះ តាមរយះការច្រឡំ លេខទូរស័ព្ទ ហើយបុរសខាងលើនេះ ជាកូនកំព្រាបានចូលភ្ជាប់ពាក្យជាមួយកូនស្រីគាត់ កាលពីអំឡុងខែ០៥ ឆ្នាំ២០១៦ មុននេះ ដោយសន្យានិងជូនប្រាក់សំរាប់រៀបការមកគាត់ចំនួន ៣.៥០០ដុល្លារ និងកំណត់រៀបការក្នុងខែកត្តិក ឆ្នាំ២០១៦ នេះ ចំណែកកូនស្រីគាត់ក៏យល់ព្រមដែរ ព្រោះនាងជាអ្នកមានទំនាក់ទំនងរឿងនេះដោយខ្លួនឯង ។
ស្ត្រីឈ្មោះ អាន រឿន បានអោយដឹងទៀតថា នៅថ្ងៃទី០៧ ខែ០៦ ឆ្នាំ២០១៦ កូនស្រីគាត់បានសុំគាត់ទៅក្រុងភ្នំពេញជាមួយមិត្តភ័ក្ដិ ដើម្បីរកការងារធ្វើ។ ស្រាប់តែ៤ទៅ៥ថ្ងៃមុននេះនាង បានទូរស័ព្ទប្រាប់មកគាត់អោយគូរដណ្ដឹងនាងទៅមកនាងទៅផ្ទះវិញផង ព្រោះនាងនៅធ្វើការងារបំរើគេតាមផ្ទះ នៅផ្សារក្រឡាញ់ (ជិតសាលារៀន) ខេត្តសៀមរាប ដោយនាងប្រាប់ទៀតថា ម្ចាស់ផ្ទះជាថៅកែនាងជិតយកនាងទៅប្រទេសវៀតណាមហើយ និងមិនដឹងថា ជារឿងល្អ ឬជារឿងអាក្រក់នោះទេ ហើយក្រោយមកទូរស័ព្ទរបស់នាងតេលែងចូលរហូត។
បញ្ហានេះ នាងជាម្តាយមានជីវភាពក្រីក្រគ្មានលុយជិះឡានដើររកកូនទេ នាងមានការភ័យ ព្រួយខ្លាំងណាស់ សំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចក្នុងខេត្តសៀមរាប មេត្តាជួយរកកូននាងដូចរូបថតនេះ អោយបានឃើញ និងអោយនាងស្នាក់នៅកន្លែងមានសុវត្ថិភាពផង ហើយមេត្តាជួយជូនដំណឹងមកនាងជាម្តាយតាមទូរស័ព្ទ លេខ ០៨៨ ៧៥៩៩ ១៨៨ ឬក៏អាចជូនដំណឹង មកគូរដណ្ដឹងកូននាង តាមរយះទូរស័ព្ទលេខ ០៩៧ ៦៨៤៨ ៩៣៧ ក៏បានដើម្បីទៅទទួលយកកូនមកផ្ទះវិញ។ ដោយឡែកទូរស័ព្ទ លេខ ០៩៧ ៦៨៤៨ ៩៣៧ ដែល នាង អាន រឿង ជាម្តាយអះអាងថា ជាគូរដណ្តឹងកូននាង អ្នកយកព័ត៌មានយើងបានព្យាយាមតេចូល ដើម្បីសុំការបំភ្លឺផងដែរ ជុំវិញរៀងខាងលើនេះ គឺតេចូលតែគ្មានអ្នកលើកឡើយ រឿងនេះ សូមសមត្ថកិច្ចខេត្តសៀមរាបជួយស្រាវជ្រាវ និងអន្តរាគមន៍ក្នុងរឿងនេះ ជូនស្ត្រីមេម៉ាយក្រីក្រខាងលើនេះផង៕