ជនជាតិបរទេស២នាក់ ស្លាប់ក្នុងពេលតែមួយសមត្ថកិច្ចសន្និដ្ឋានបណ្តាលមកពីជម្ងឺគាំងបេះដូង
កំពត ៖ មានជនបរទេស២នាក់ ត្រូវបានគេដឹងថា បានស្លាប់នៅវេលាម៉ោងប្រមាណជា ៣,៣០នាទី រសៀលថ្ងៃទី៧ ខែកក្កដាឆ្នាំ២០១៦ ដូចគ្នា ដែលម្នាក់ជាជនជាតិអង់គ្លេស ដេកស្លាប់ក្នុងហាងជួលរបស់ខ្លួន ចំណុចខាងត្បូងសួនច្បារ ខាងកើតផ្សារក្រណាត់ ស្ថិតក្នុងភូមិ ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពតខេត្តកំពត និងម្នាក់ទៀត បានស្លាប់នៅមន្ទីរពេទ្យ ស៊ុនយ៉ាឃៀល ស្ថិតក្នុងឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ។
តាមមន្ត្រីនគរបាល ដែលចុះធ្វើកោសល្យវិច័យ បានប្រាប់ឱ្យដឹងថា កម្លាំងនគរបាលជំនាញខេត្ត និងក្រុង កំពុងធ្វើកោសល្យវិច័យ លើសាកសពជនជាតិអង់គ្លេសម្នាក់ ជាដំបូង ដែលមានឈ្មោះJONES MATTHEW DAVID NEVIL ភេទប្រុស អាយុ៣៩ឆ្នាំ។
តាមការសាកសួរ ស្ត្រីម្ចាស់ហាងជាជនបរទេសដូចគ្នា បានឲ្យសមត្ថកិច្ចដឹងថា កាលពីវេលាម៉ោង១០យប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ ជនរងគ្រោះឈ្មោះ អឹម ជេ ភេទប្រុស ជនជាតិអង់គ្លេស បានជិះម៉ូតូមកផ្ញើ នៅហាងរបស់ខ្លួន ហើយបានប្រាប់ខ្លួនជាម្ចាស់ហាងថា រូបគេទៅជប់លៀងនៅហាងគីទី ស្ថិតនៅខាងជើងស្ពានថ្មីត្រើយខាងកើត។ ពេលនោះដែរខ្លួនជាម្ចាស់ ហាងបានឃាត់រូបគេកុំឲ្យទៅអី តែរូបគេនៅតែរឹងរូសមិនស្តាប់ការឃាត់ក៏ចេញដើរទៅ ។
សាក្សីម្ចាស់ហាង បានឲ្យដឹងទៀតថា លុះដល់ថ្ងៃទី៧ ខែកក្កដាឆ្នាំ២០១៦ព្រឹកម៉ោងប្រហែលជា១១ជាង ឃើញឈ្មោះ អឹម ជេ (ជនរងគ្រោះ) គាត់ជិះម៉ូតូកង់បីរបស់ឈ្មោះ គីម បានដឹកមកកន្លែងហាងខ្លួនវិញ នៅពេលគាត់ចុះពីលើម៉ូតូកង់បីគេឃើញមុខគាត់ឡើងក្រហម បានដើរចូលទៅក្នុងហាងរួចប្រាស់ខ្លួនដេក លើតាបប៊ីយ៉ា នៅក្នុងហាង។ មួយសន្ទុះក្រោយមក ស្រាប់តែឃើញគាត់បែបថប់ៗដង្ហើម ម្ចាស់ហាង និងមិត្តភក្ដិ ដែលរាប់អានគ្នាជាមួយជនរងគ្រោះ បានជួយធ្វើចលនាបេះដូងឲ្យ បន្ទាប់មកឈ្មោះ អឹម ជេ គាត់ក៏សម្ងំដេកទៅ ។
ស្ត្រីម្ចាស់ហាង បានឲ្យដឹងទៀតថា ពេលឃើញជនរងគ្រោះសម្ងំដេកហើយខ្លួន ក៏ឡើងទៅសំរាកដេកថ្ងៃត្រង់ នៅបន្ទប់ជាន់លើ រហូតដល់ម៉ោង១៤,១៥នាទីរសៀលថ្ងៃដដែល ពេលខ្លួនភ្ញាក់ពីដំណេកចុះមកក្រោមវិញក៏ស្រាប់តែឃើញឈ្មោះ អឹ ជេ ស្លាប់បាត់បង់ជីវិតនៅលើតាបប៊ីយ៉ាបាត់ទៅហើយ ក៏មានការភ្ញាក់ផ្អើលរួចរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះទៅពិនិត្យតែម្តង។
ក្រោយពេលសមត្ថកិច្ចជំនាញក្រុង និងនិងខេត្តរួម និងគ្រូពេទ្យជំនាញចុះទៅពិនិត្យសាកសពបានសន្និដ្ឋានថា សាកសពជនរងគ្រោះពិតជាស្លាប់ដោយជម្ងឺគាំងបេះដូងពិតប្រាកដមែន ហើយក៏បានប្រគល់សាកសពជូនសមត្ថកិច្ចអន្តោប្រវេសន៍ ដើម្បីទំនាក់ទំនងប្រគល់ស្ថានទូត។
ចំណែកជនរងគ្រោះម្នាក់ទៀត ដែលបានស្លាប់នៅមន្ទីរពេទ្យស៊ុនយ៉ាឃៀលនោះ សមត្ថកិច្ចមិនទាន់បានទៅធ្វើកោសល្យវិច័យនៅឡើយទេ គ្រាន់តែប្រភពបង្ហើបឲ្យដឹងថា ជនរងគ្រោះនោះជាជាតិអង់គ្លេសដូចគ្នា ហើយពីផឹកក្នុងពិធីជប់លៀងជាមួយគ្នា តែប៉ុណ្ណោះ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលចុះពិនិត្យសាកសពបានឲ្យដឹងថា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០១៦វេលាម៉ោង១៤ និង ៤០នាទីរសៀល ឈ្មោះ TAFFJAMES EDWARD ភេទប្រុស កើតថ្ងៃទី៦ ខែមិនាឆ្នាំ១៩៨៣ ជាជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ៥២៧៨៤៨៧៤៥ បានស្លាប់នៅក្នុងមន្ទីរពេទ្យស៊ុនយ៉ាឃៀល ស្ថិតក្នុងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។
តាមការពិនិត្យនិងធ្វើកោសល្យវិច័យរបស់ក្រុមគ្រូពេទ្យ និងសមត្ថកិច្ចជំនាញបានសន្និដ្ឋាន ថាការស្លាប់របស់ជនបរទេសទាំងពីរនាក់នេះ គឺបណ្តាលមកពីជម្ងឺគាំងបេះដូង។
សាកសពជនបរទេសទាំង២នាក់ត្រូវបានសមត្ថកិច្ចប្រគល់ជូនស្ថានទូតមកទទួល យកទៅប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នាល្ងាចថ្ងៃទី៧ ខែកក្កដាឆ្នាំ២០១៦ម្សិលម៉ិញនេះ ៕