គ្រួសារក្រីក្រ រស់នៅតំបន់ដាច់ស្រយាលសម្រាលកូនផ្ទាល់ដី ត្រូវបាន នគរបាលព្រំដែនជួយនាំទៅពេទ្យ
បន្ទាយមានជ័យ ៖ គ្រួសារប្ដី-ប្រពន្ធក្រីក្រ រស់នៅតំបន់ឆ្ងាយពីទីប្រជុំជន (តំបន់១) ភូមិចក់ពួកឃុំស្លកក្រាមស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីព្រឹកម៉ោងប្រមាណ៨ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦នេះ បានសម្រាលកូននៅលើដី ក្នុងខ្ទម ដល់កំសត់ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនប៉ុស្តិ៍ ថ្នល់បំបែក យកគោយន្តដឹកទៅសម្រាកព្យាបាល នៅមណ្ឌលសុខភាពអូរបីជាន់។
តាមការ អោយដឹងពីនគរបាលការពារព្រំដែនគោ៩១១ប្រចាំប៉ុស្តិ៍ថ្នល់បំបែក បានអោយដឹងថា ដោយ ទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋ ដែលសម្រាលកូនដោយគ្មានពេទ្យលោកមេបញ្ជាការវរបាន ចាត់អោយនគរបាលប៉ុស្តិ៍ថ្នល់បំបែក ដែលនៅជិតនោះយកគោយន្តកន្ត្រៃ ដឹកកាត់ភក់ក្នុងស្ថានភាពផ្លូវលំបាក ទៅកាន់មន្ទីរពេទ្យអូរបីជាន់ ហើយបានជួយឧបត្ថម្ភអង្ករ៥០គីឡូក្រាម ថវិការ២០ម៉ឺនរៀល ។
ស្ត្រីដែលសម្រាលកូនលើដីផ្ទាល់មានឈ្មោះ អូន សល់ អាយុ៣៧ឆ្នាំ មានកូន៤ នាក់ ទាំងកូនប្រុសដែលបានកើតនេះតែម្តង ប្ដីឈ្មោះ តាប់ វិន អាយុ៣៩ ឆ្នាំ រស់នៅតែ២នាក់ ប្ដីប្រពន្ធមានជីវភាពក្រីក្រ ក្នុងខ្ទមដ៏កំសត់ ដែលជាតំបន់ព្រៃ និងជាភូមិទើបបង្កើតថ្មី។ បច្ចុប្បន្នស្ត្រីខាងលើកំពុងតែសម្រាក នៅក្នុងមណ្ឌលសុខភាព អូរបីជាន់ក្រោយពីស្រាល់កូនរួច៕