ស្ត្រីមេខ្លោងគ្រឿងញៀនម្នាក់ ពេលលឺតុលាការផ្ដន្ទាទោស២៨ឆ្នាំ សន្លប់ស្ដូកស្ដឹង
ភ្នំពេញ ៖ ស្ត្រីមេខ្លោងគ្រឿងញៀនម្នាក់ ដែលតុលាការ រកឃើញថា មានសមត្ថភាពអាចបញ្ជាកូនចៅឲ្យមានការទិញលក់គ្រឿងញៀន នៅខាងក្រៅបាន បើទោះបីជាកំពុងឃុំខ្លួនក្នុងពន្ធនាគារក៏ដោយ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោស ដាក់ពន្ធនាគារ២៨ឆ្នាំ បន្ថែមពីលើទោសចាស់ដែលផ្តន្ទាទោស៥ឆ្នាំ ពីបទជួញដូរគ្រឿងញៀនដូចគ្នា ។
ប៉ុន្តែអ្វីជាការកត់សម្គាល់ គឺ បន្ទាប់ពីតុលាការសម្រេចបែបនេះ ស្ត្រីជាមេខ្លោងគ្រឿងញៀន បានដួលសន្លប់ស្ដូកស្ដឹង ធ្វើឲ្យមន្ត្រីអនុរក្សពន្ធនាគារប៉េហ្ស៊ី ភ័យស្លន់ស្លោ បញ្ជូនទៅពន្ធនាគារវិញ ដើម្បីពិនិត្យនិងព្យាបាល ។
សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ បានផ្តន្ទាទោសស្ត្រីមេខ្លោង គ្រឿងញៀនឈ្មោះ គុយ ស្រីលក្ខណ៍ អាយុ៣២ឆ្នាំ ដាក់ពន្ធនាគារ២៨ឆ្នាំនិង ពិន័យជាប្រាក់៦០លានរៀល និងផ្តន្ទាទោសឈ្មោះ ប៊ុន សោភ័ណ ភេទស្រី អាយុ១៦ឆ្នាំ ដាក់ពន្ធនាគារ១៥ឆ្នាំ និងពិន័យជាប្រាក់ ៣០លានរៀល ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជាច្រើនគីឡូក្រាម ប្រព្រឹត្តកាលពីថ្ងៃទី២៩ ខែមិចុនា ឆ្នាំ២០១៥ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ជាមួយគ្នានេះ បក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួនឈ្មោះ ប៉ុន សំនៀង ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវតុលាការផ្តន្ទាទោស២៨ឆ្នាំ និងពិន័យប្រាក់៦០លានរៀល និងបានចេញដីកាចាប់ខ្លួន ។
នាពេលសវនាការ កន្លងទៅ ឈ្មោះ ប៊ុន សោភ័ណ បានសារភាពថា ពិតជាបានទៅជួបឈ្មោះគុយ ស្រីលក្ខណ៍ នៅពន្ធនាគារ២ដងជាមួយនឹងឈ្មោះ ប៉ុន សំនៀង ព្រមទទួលបញ្ជាពីការជួញដូរគ្រឿងញៀន ប្រាកដមែន ។ ចំណែកឈ្មោះ គុយ ស្រីលក្ខណ៍ បានបដិសេធការចោទប្រកាន់នេះ ដោយបញ្ជាក់ថា មិត្តស្គាល់បក្ខពួកទាំងពីរនាក់នោះទេ ៕
ដកស្រង់ ៖ គេហទំព័របាយ័ន