អ្នកបើករថយន្តធន់ធំ ដេកលក់មួយភាំង ជ្រុលចង្កូតធ្លាក់ផ្លូវ ខូចខាតយ៉ាងដំណំ
បន្ទាយមានជ័យ ៖ រថយន្តយីឌុបធន់ ធំ មួយគ្រឿង បើកធ្លាក់ចូលស្នាមភ្លោះ ដោយសារតែអ្នកបើករថយន្ត ដេកលក់មួយភាំង កាលពីវេលាម៉ោង៥ទាបភ្លឺចូលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦នៅត្រង់ចំណុច ខាងត្បូងមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ប្រហែល១០០ម៉ែត្រ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ច ចរាចរណ៍ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា អ្នកបើករថយន្តមានឈ្មោះ តឿ ប្រុសអាយុ៣៣ឆ្នាំ រស់នៅក្រុងភ្នំពេញ។
សមត្ថកិច្ច បានបន្ដទៀតថា មុនពេលកើតហេតុនោះឈ្មោះ តឿបានបើករថយន្តជាមួយព្រូរថយន្តយក្សប្រភេទយីឌុបក្បាលចំរុះពណ៌ និងកន្ទុយពណ៌ ផ្ទៃមេឃ ពាក់ស្លាកលេខក្រុងព្រះសីហនុ ១៤៦៣ បើកចេញពីភ្នំពេញ ឆ្ពោះទៅក្រុងប៉ោយប៉ែត ដើម្បីប្រញាប់ទៅដឹកឥវ៉ាន់ទាំងយប់លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែអ្នកបើករថយន្តបានដេកលក់មួយភាំងបណ្តាលឲ្យរេចង្កូតទៅខាងឆ្វេងដៃក៏បុករះសសរ បង្ហាញផ្លូវរាបដល់ដី ក៏បើកទៅធ្លាក់ចូលស្នាមភ្លោះ តែម្តង តែសំណាងល្អ ណាស់ ទាំងអ្នកបើករថយន្តនិងព្រូពុំមានរបួសអ្វីនោះទេ។
ក្រោយពីកើតហេតុរួចដោយសារតែរថយន្តនោះពុំមានគ្រោះថ្នាក់ដល់អ្នកដ៏ទៃ នោះទេ សមត្ថកិច្ចបានអនុញ្ញាតិឲ្យរថយន្តស្ទូចមកស្ទូចយកទៅជួសជុលខ្លួនឯង។
ប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ នោះបាននាំគ្នានិយាយថា គួរឲ្យញាក់សាច់ដោយបានឃើញរថយន្តបើកចូលស្នាមភ្លោះពិតៗផ្ទាល់និងភ្នែកដោយពុំបានបុកមនុស្សស្លាប់ដោយសារតែនៅពេលថ្មើរនោះពុំមានអ្នកដំណើរខ្វាត់ខ្វែងបើសិនណាអ្នកបើកដេកលក់ប៉ះទីប្រជុំជនវិញមិនដឹងថាមានមនុស្សស្លាប់ ដោយសាររថយន្តយីឌុបនេះប៉ុន្មាននាក់នោះទេ៕