កាកបាទក្រហមកម្ពុជាខេត្ត ចែកអំណោយដល់បុរសម្នាក់ ដែលជាន់មីន របួសដាច់ជើងម្ខាង
ប៉ៃលិន៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បាននាំយកអំណោយមនុស្សធម៌ និងថវិកាទៅឧបត្ថម្ភដល់ក្រុមគ្រួសារជនរងគ្រោះ ដែលជាន់មីន ប្រភេទស្មាច់ របួសដាច់ជើងម្ខាង ។
ការផ្ដល់អំណោយសង្គ្រោះនេះ កាលពីរសៀល ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដឹកនាំដោយលោកស្រី ពៅ សុខ អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកស្រី បាន ស្រីមុំ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន។ អំណោយដែលក្រុមការងារ បានយកទៅឧបត្ថម្ភ នាឱកាសនោះ រួមមាន ៖ មី២កេះ ត្រីខ២យួរ ទឹកដោះគោឆៅ ២ឃ្លីប និងថវិកា៥០ម៉ឺនរៀល ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង១២ និង៤០នាទីថ្ងៃរសៀល ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភ្នំរាំង ភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានករណីផ្ទុះគ្រាប់មីនប្រភេទស្មាច់ ដែលបណ្តាលឲ្យបុរសម្នាក់ ដាច់ជើងធ្វេង រងរបួសធ្ងន់ ៕