អាជីវកម្មផលិតមីលឿង គ្មានច្បាប់ មួយកន្លែង នៅសង្កាត់ស្លក្រាម ត្រូវបានសមត្ថកិច្ច ចុះបិទ
សៀមរាប៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយមន្ទីរឧស្សាហកម្មសិប្បកម្ម បានសម្រេចបិទអាជីវកម្មផលិតមីលឿង គ្មានច្បាប់ មួយកន្លែងដើម្បីធ្វើការផាកពិន័យ តាមច្បាប់ព្រមទាំងបិទទីតាំងនោះ ជាបណ្តោះអាសន្ន។
ប្រតិបត្តិការនេះ បានធ្វើឡើងនាល្ងាចថ្ងៃទី ០៦ខែកក្កដា ឆ្នាំ២០១៦ដែលស្ថិតក្នុងភូមិចុងកៅស៊ូសង្កាត់ស្លក្រាមក្រុងសៀមរាប។
លោកវរសេនីយ៍ឯក សឿន សេន នាយ ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបទីតាំងផលិតមីលឿងគ្មានច្បាប់នេះសមត្ថកិច្ចបាននាំខ្លួនម្ចាស់ ដែលមានឈ្មោះ ធាវ សាក់មុណា ភេទប្រុសអាយុ ៣៤ឆ្នាំទីលំនៅទីតាំងកើតហេតុខាងលើដើម្បី យកទៅពិន័យតាមច្បាប់។
លោក បន្ដថា ក្នុងករណីម្ចាស់មិនព្រម តាមមាត្រ៤៣ ៖ ស្តីពីការគ្រប់គ្រងរោងចក្រឬសិប្បកម្មនោះនឹងត្រូវរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។ មាត្រា៤៣ និងត្រូវពិន័យពី៥០ម៉ឺនរៀល ទៅ២,៥លានរៀល។លោក បានបន្តថា ពេលនេះ សមត្ថកិច្ចកំពុងប្រមូលយកសំណាកម្សៅ និងសារធាតុផ្សំមួយចំនួន យកទៅពិនិត្យឯមន្ទីរពិសោធន៍។ ប្រសិនបើរកឃើញថា ធាតុផ្សំទាំងនោះមានជាតិគីមីឬសារធាតុផ្សេងដែលបង្កការប៉ះពាល់ដល់សុខភាពនោះនឹងត្រូវបញ្ជូនទៅតុលាការ។
លោកបញ្ជាក់ថា ចំពោះទីតាំងអាជីវកម្មខាងលើនេះ ត្រូវបានបិទជាបណ្តោះអាសន្នហើយតម្រូវឲ្យម្ចាស់ធ្វើច្បាប់គ្រប់គ្រាន់សិនទើបអាចបើកជាបាន។ ចំពោះទីតាំងខាងលើនេះ ត្រូវបានគេរាយការណ៍មកថា បានបើកជាយូរខែឆ្នាំមកហើយទើបតែពេលនេះ ត្រូវសមត្ថកិច្ចចុះ មកផ្អាកសង្ស័យ មានការឃុបឃិតគ្នា ដើម្បីបានផលប្រយោជន៍។
យ៉ាងនេះក្តីមហាជន បានស្នើឲ្យសមត្ថកិច្ចបន្តចុះបង្ក្រាបទីតាំងមួយចំនួនទៀតដែលផលិតគ្រឿងឧបភោគបរិភោគនិងភេសជ្ជះផ្សេងៗទៀតសំដៅ លើកកំពស់ដល់វិស័យសុខភាពដល់ពលរដ្ឋឲ្យបានល្អថែមទៀត៕