ឈ្មួញ នៅតែបន្ដ យកគ្រឿងចក្រ ឈូសឆាយ រំលោភដីគ្រួសារជនពិការ យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន យ៉ាងគគ្រឹកគគ្រេង នៅក្នុងស្រុកសន្ទុក
កំពង់ធំ ៖ ឈ្មួញបានយកគ្រឿងចក្រទៅធ្វើសកម្មភាពឈូសឆាយដី ដោយគ្មានច្បាប់អនុញ្ញាតិ យ៉ាង អនាធិបតេយ្យ នៅតំបន់សូងសាង ឃុំគ្រយារ ស្រុកសន្ទុកខេត្តកំពង់ធំ ក្រោមលេះថា ជាដីសម្បទាន សង្គមកិច្ច ជនពិការ តែដីរបស់ជនពិការពិតប្រាកដនោះ ត្រូវបានក្រុមឈ្មួញរូបនេះ គំរាម ប្រជាពលរដ្ឋ និងប្រមូលទិញក្នុងតម្លៃថោកៗ។
ប្រជាពលរដ្ឋ បាននិយាយថា ក្រុមឈ្មួញទាំងនេះ និង បក្ខពួក បានដើរគំរាមប្រជាពលរដ្ឋថា ដីទាំងនេះ បើមិនលក់ឲ្យ ឈ្មួញឈ្មោះ ឆេង លី និងឆេង ឃី ជាបងប្អូនបង្កើត នៅខេត្តកំពង់ចាមនោះទេ មេព្រៃនឹងយកទទេៗ ហើយ។ចំពោះដីដែលជនពិការ ត្រូវទទួលបាន ទំហំពី៣ទៅ៤ហិតា ក្នុង១គ្រួសារ ប៉ុន្តែដីនៅទីនោះ មានទំហំដល់ជាង២០០ហិតា បានធ្លាក់ទៅដល់ក្រុមឈ្មួញ ខាងលើអស់ហើយ ពួកក្រុមឈ្មួញបានកំពុងបន្ត ធ្វើការឈូស ឆាយ ដោយ គ្មានច្បាប់អនុញ្ញាតិ។
ប្រភព បាននិយាយឲ្យដឹងថា ដីនេះ ជាដីរបស់សម្បទានសង្គមកិច្ចចែកឲ្យ ជន ពិការក៏ពិតមែន តែប្រជាពលរដ្ឋខ្លះទៀតបានកាន់កាប់ដីនេះ តាំងពីមុនចែកឲ្យជនពិការនេះទៀត ហើយក្រុមឈ្មួញ ត្រូវជាមួយជនពិការ ដែលឥទ្ធិពលក្នុងបែកចែកដី បានដើរគំរាម និងឃោសនា ប្រមូលទិញពីជនពិការ និងប្រជាពលរដ្ឋកាន់កាប់ខុសច្បាប់ទាំងនេះ ក្នុងតំលៃថោកៗ ដោយប្រើ ពាក្យថា បើមិនលក់ឲ្យទៅក្រុមឈ្មួញទាំងនេះទេ គឺមេព្រៃ មកដកយកទទេហើយ ហើយក្នុងនោះ មានប្រជាពលរដ្ឋ ខ្លះព្រមលក់ និងខ្លះមិនព្រមលក់ ដែលបង្កឲ្យមានការប្រទូសរ៉ាយ គ្នា រហូត មក ដល់បច្ចុប្បន្ន ។
ចំណែកក្រុមឈ្មួញឈ្មោះ ឆេង លី និងឈ្មោះ ឆេង ឃី បានគ្រឿងចក្រទៅឈូសឆាយ ដោយ ប្រជាពលរដ្ឋដឹងថា គ្មានច្បាប់នោះ ត្រូវបានលោក សុត ម៉ារី នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បានអះ អាងថា មានច្បាប់ ប៉ុន្តែរឿងច្បាប់នេះ សូមសួរទៅលោក ឈាង មាលា នាយសង្កាត់ក្រយារទៅ។
លោក ឈាង មាលា បានឆ្លើយតបថា លោកមិនដឹង ព្រោះមានស៊ីញេ ពីលោកអភិបាលរង ស្រុកគឺលោក រស់ សារីម ហើយករណីច្បាប់ ការឈូសឆាយដី គឺស្ថិតនៅខាងអាជ្ញាធរ ចំណែកលោក រស់ សារីម បានឆ្លើយថា លោកអនុញ្ញាតិឲ្យតែឈូសឆាយតែដី មានប្លង់ជាប់នឹងផ្ទះទេ ។ ចំណែក គ្រឿងចក្រទៅឈូស ឆាយ ដីខុសគោលដៅ លោកមិនទទួល ខុសត្រូវនោះទេ។
ព័ត៌មានចុងក្រោយនេះ បានឲ្យដឹងថា គ្រឿងចក្រ ដែលឈូស ឆាយដីឈ្មួញនោះ ត្រូវបាន គេដឹកចេញទៅវិញហើយ កាលពីរសៀលថ្ងៃទី៦នេះ ដោយគេដឹងថា ជាបើកភ្លើងខៀវពីសមត្ថកិច្ច រដ្ឋព្រៃឈើ ចំណែកគ្រឿងចក្រ១ទៀត ដែលឈូស ឆាយដីនៅក្បែរនោះ ត្រូវបានមេព្រៃចាប់រឹបអូស ទៅបាត់ហើយ ៕