ពលរដ្ឋរិះគន់ថា អាជ្ញាធរមិនមានវិធានការទប់ស្កាត់ ក្រុមរថយន្តដឹកដី បំផ្លាញផ្លូវមួយខ្សែ
ស្វាយរៀង ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បាននាំគ្នារអ៊ូរទាំអំពីបញ្ហាផ្លូវពិបាកធ្វើដំណើរ ចូលទៅក្នុងភូមិ ដែលជាការបំផ្លាញដោយក្រុមរថយន្តដឹកដី មកជីករណ្តៅជ្រៅៗ យកអាចម៍ដី ហើយដឹកកាត់ តាមផ្លូវនេះ ធ្វើឲ្យខូចផ្លូវមិនត្រូវអាជ្ញាធរក៏ដូចជាស្ថាប័ន ពាក់ព័ន្ធ មានវិធានការទប់ស្កាត់នោះឡើយ។
ការរអ៊ូរទាំអំពីបញ្ហាផ្លូវពិបាកធ្វើដំណើរ ពីសំណាក់ពលរដ្ឋ នេះ នៅព្រឹកថ្ងៃទី៧ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅភូមិតាស្អាងឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
ប្រជាពលរដ្ឋ បានលើកឡើងថាផ្លូវ ខូចពិបាកធ្វើដំណើរនេះ មានរយះពេលជាងមួយខែហើយមិនទាន់មានខាងណាមកអើពើនោះទេ។បើទោះបីពលរដ្ឋបានជំរាបទៅអាជ្ញាធរយ៉ាងណាក៏ដោយនៅមិនទាន់ធ្វើអោយផ្លូវមួយនេះបានប្រសើរឡើងវិញនោះឡើយ ពិសេសមានភ្លៀងទៀតពលរដ្ឋយំមិនចេញទេ ទាំងអ្នកជំងឺដឹកទៅកាន់មន្ទីរពេទ្យក៏ពិបាកដែរ។
តែទោះបីជាយ៉ាងណាក៏ដោយក្រុមពលរដ្ឋ បានធ្វើការសំណូមពរទៅលោកអភិបាលស្រុកស្វាយជ្រំសូមចាត់ឲ្យមន្ត្រីភូមិ ឃុំចុះត្រួតពិនិត្យផង តើក្រុមហ៊ុនជីកយកអាចម៍ដីទទួលខុសត្រូវក្នុងការជួសជុលវិញអត់?