តុលាការសម្រេចឃុំខ្លួន ជនសង្ស័យជាប្ដីសម្លាប់ប្រពន្ធ ទោះបីមិនព្រមសារភាពក៏ដោយ
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចអះអាងថា មានភស្តុតាងបញ្ជាក់ថា ជាឃាតកសម្លាប់ប្រពន្ធ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីថ្ងៃទី៦ ខែកក្កដា ឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ដើម្បីរង់ចាំការស៊ើបអង្កេត បើទោះបីជាជនសង្ស័យរូបនេះមិនព្រមសារភាពក៏ដោយ ។
មន្ត្រីតុលាការ ថ្លែង ថា ជនសង្ស័យរូបនេះ ត្រូវបានតុលាការចោទប្រកាន់ពី ឃាតកម្ម តាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ ។
សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ប៉េ វ៉ាន់សាក់ អាយុ៣៤ឆ្នាំ មុខរបរកាប់គោ រីឯប្រពន្ធដែលស្លាប់មានឈ្មោះ ទូ ឡោះ ម៉ាយ៉ាន អាយុ២៨ឆ្នាំ មុខរបរអ្នកលក់សាច់គោ ហើយហេតុការណ៍ឃាតកម្មនេះ បានកើតឡើងកាលពីយប់ថ្ងៃ ទី២ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួល ភូមិដើមគរ សង្កាត់ដើមគរ ខណ្ឌជ្រោចង្វារ។
លោកឯក សេរីវុធ អធិការរង នគរបាលខណ្ឌជ្រោយចង្វា បានឲ្យដឹងថា ជនសង្ស័យរូបនេះ មិនបានសារភាពថា ខ្លួនគឺជាឃាតកកាប់ប្រពន្ធខ្លួនឯងស្លាប់នោះទេ តែសមត្ថកិច្ចបានស្រាវជ្រាវ និងមានវត្ថុតាងគ្រប់គ្រាន់ ដើម្បីដាក់បន្ទុក ។
ពាក់ព័ន្ធករណីនេះ ឈ្មោះអ៊ុក ស៊ីថា អាយុ៤៧ឆ្នាំ ត្រូវជាបងថ្លៃជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានចេញទៅកាប់គោលក់នៅកុងស៊ីកាប់គោនៅក្បែរកន្លែងកើតហេតុ ។ លុះដល់វេលាកើតហេតុជនសង្ស័យ បានត្រឡប់មកផ្ទះវិញ ហើយបានហៅឲ្យប្រពន្ធបើកទ្វារ។ ពេលប្រពន្ធបើកទ្វារភ្លាម បុរសជាប្តី បានយកពូថៅកាប់ប្រពន្ធខ្លួននៅក្នុងផ្ទះជួល។ ភ្លាមនោះប្រពន្ធប្រវេប្រវារត់ចេញមកក្រៅគោះទ្វារអ្នកជិតខាងឲ្យគេជួយដែរ តែមិនមានអ្នកហ៊ានចេញមកជួយទេ រួចក៏ដួលស្លាប់នៅខាងមុខផ្ទះតែម្តង។ រំពេចនោះ កូនប្រុសស្រីទាំងពីរនាក់បានរត់ចេញទៅស្រែកហៅឲ្យគេជួយថា ប៉ាយកកាំបិតចាក់ម៉ាក់ខ្ញុំហើយ ៕
ដកស្រង់ ៖ គេហទំព័របាយ័ន