ពលរដ្ឋ រស់លើខ្នងភ្នំគូលេន ជំទាស់មិនព្រមចាកចេញពីលំនៅឋាន ដែលអាជ្ញាធរមានគម្រោងជម្លៀសចេញ
សៀមរាប ៖ ពលរដ្ឋប្រមាណជាង៣០០គ្រួសារ ដែលអាជ្ញាធរមានគម្រោងជម្លៀសចេញពីតំបន់ទេសចរណ៍ភ្នំគូលេន បានធ្វើការជំទាស់ មិនព្រមចាកចេញពីភូមិ ដោយអះអាងថា ការផ្លាស់ប្ដូរទីលំនៅថ្មីនោះគឺអាចប៉ះពាល់ដល់ជីវភាពនិងបាត់បង់មុខរបរប្រចាំថ្ងៃរបស់ពួកគាត់។
ក្រុមអ្នកភូមិនៅភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើប្រាប់ថា ពួកគាត់ទាំងអស់មិនព្រមចេញភូមិតាមគម្រោងអាជ្ញាធរនោះឡើយបើទោះបីជាមានសំណងឬផ្ដល់ដីសង្គមកិច្ចក៏ដោយ ដោយអះអាងថា ការតាំងទីលំនៅថ្មីនោះធ្វើឲ្យបាត់បង់មុខរបរនិងប៉ះពាល់ជីវភាពរស់នៅរបស់ពួកគាត់ខណៈដែលលំនៅឋានអ្នកភូមិមានតម្លៃរាប់ពាន់ម៉ឺនដុល្លារ។អ្នកភូមិ បានបន្ដទៀតថា ការរស់នៅរបស់ពួកគេមិនប៉ះពាល់ដល់បរិស្ថាន និងការកាប់បំផ្លាញព្រៃឈើ ដូចការលើកឡើងរបស់អាជ្ញាធរឡើយ។
មេឃុំខ្នងភ្នំលោក ឈឿម តាំង ធ្លាប់មាន ប្រសាសន៍ថា លោកទទួលបានសេចក្ដីសម្រេចពីសាលាខេត្ដ ឲ្យស្រង់ឈ្មោះពលរដ្ឋដែលជាគ្រួសារកងទ័ព និងសំណង់អានាធិបតេយ្យដែលទើបកើតថ្មីៗ។លោក បន្ថែមថា ពលរដ្ឋមួយចំនួនរស់នៅលើភ្នំគូលេន ធ្វើឲ្យប៉ះពាល់ដល់តំបន់ទេសចរណ៍ប្រវត្ដិសាស្ដ្រភ្នំគូលេននោះ។
ប្រធានមន្ទីរបរិស្ថានលោក ភួង លីណា មានប្រសាសន៍ថា ពលរដ្ឋដែលត្រូវចាកចេញពីភូមិព្រះអង្គធំមាន ប្រមាណជាង៣០០គ្រួសារដែលជាគ្រួសារកងទ័ព និងពលរដ្ឋដែលបានតាំងទីលំនៅថ្មីៗ ប៉ុន្ដែលោកថា ចំណែកសំណង់លក់ដូរផ្សេងៗអាជ្ញាធរនឹងរៀបចំឲ្យមានសណ្ដាប់ធម្មតាឡើងវិញ ដែលទីតាំងថ្មីស្ថិតនៅមិនឆ្ងាយពីទីតាំងចាស់។
លោក បន្តថា ការដែលអាជ្ញាធរធ្វើបែបនេះ គឺដើម្បីរៀបចំថែរក្សាបរិស្ថាននៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ដែលនឹងគ្រោងដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ធម្មជាតិពិភពលោក។
ទាក់ទិនករណីនេះដែរអ្នកសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូខេត្ដសៀមរាបលោក នូ ពុទ្ធិ មានប្រសាសន៍ថា ការផ្លាស់ប្ដូរទីលំនៅរបស់ពលរដ្ឋដើម្បីអភិវឌ្ឍន៍នៅតំបន់ណាមួយត្រូវមានការយល់ព្រមឬស្ម័គ្រចិត្ត ពីពួកគាត់ហើយលោកថាមិនត្រូវយកពួកគេទៅបោះចោលនោះទេ។
លោក បន្តថា ត្រូវមានទីតាំងច្បាស់លាស់ ផ្ដល់សំណងសមរម្យដល់ពួកគេ ។លោក បន្ដថា ការរៀបចំត្រូវឲ្យមានតម្លាភាព ទោះបី ទីកន្លែងថ្មីនោះមានរចនាសម្ព័ន្ធត្រឹមត្រូវមានសាលារៀនមណ្ឌលសុខភាពដែលពួកគាត់អាចទទួលយកបាន។
ទោះជាយ៉ាងណា គេសង្កេតឃើញថា នៅតំបន់ភ្នំគូលេន បច្ចុប្បន្ននេះត្រូវបាន ក្រុមឈ្មួញកាប់បំផ្លាញព្រៃឈើ យ៉ាងរង្គាលស្ទើរក្លាយជាវាលរហោឋាន។ហើយករណីនេះ គេសង្ស័យថា មានការឃុបឃិតគ្នាជាប្រព័ន្ធទើបពួកគេអាចបំផ្លាញបានយ៉ាងដូច្នេះដោយម្នាក់ៗឆ្លើយដាក់គ្នាយករួចខ្លួន។ការកាប់បំផ្លាញព្រៃឈើនៅតំបន់គូលេននេះ គឺកើតមានជាច្រើនឆ្នាំមកហើយ គ្មានអ្នកទទួលខុសត្រូវដោយមើលឃើញតែផលប្រយោជន៍៕