ពលរដ្ឋ ប្រទះឃើញគ្រាប់បែក នៅមុខធនាគារប្រាសាក់ ផ្អើលឆោឡោទាំងយប់
ឧត្តរមានជ័យ ៖ គ្រាប់បែកចាស់ៗ សល់ពីសម័យសង្គ្រាម១គ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅមុខធនាគារប្រាសាក់ ហើយនាំគ្នាផ្អើលឆោឡោឡើង ដោយស្មានថា ជាគ្រាប់បែក ដែលគេយកមកបង្កៃ។
ហេតុការណ៍ នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៥នាទីយប់ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចមុខធនាគារប្រាសាក់ ស្ថិតនៅក្នុងទីរួមក្រុងសំរោង ខេត្តឧត្តរមានជ័យ។
បន្ទាប់ពីលឺដំណឹងនេះ លោកវរសេនីយ៍ឯក ឡឹក សុខា ស្នងការរងខេត្តឧត្តរមានជ័យ បានដឹកនាំកម្លាំងការិយាល័យកម្រិតធ្ងន់ កម្លាំងបច្ចេកទេស និងកម្លាំងប៉ុស្តិ៍សំរោង ចុះទៅមុខធនាគារប្រាសាក់ដើម្បីត្រួតពិនិត្យ ឃើញថា មិនមែនជាគ្រាប់បែកបង្កៃនោះទេ គឺជាគ្រាប់ចាស់ដែលកប់ក្នុងដីពីសម័យសង្គ្រាម ហើយតាមការសន្និដ្ឋាន គឺអាចខាងសាធារណការ កាយលូ ប៉ើងមកពីក្នុងដី។
លោកវរសេនីយ៍ឯក បានចាត់ឲ្យកម្លាំងសមត្ថកិច្ច ធ្វើសញ្ញាកុំអោយប្រជាពលរដ្ឋទៅប៉ះពាល់ និងបានទាក់ទងទៅអង្គការ HeIIOTruSt ចុះមកយក ទុកកន្លែងមានសុវត្ថិភាព៕