ហាងឆេងសណ្តែកបាយខេត្តព្រះវិហារ កំពុងទ្បើងថ្លៃ១គីទ្បូ ដល់៣៥០០រៀល
ព្រះវិហារ ៖ ដើមខែ កក្កដាឆ្នាំ២០១៦ នេះ កសិករនៅទូទាំងខេត្តព្រះវិហារ ចាប់ផ្ដើមប្រមូលផលសណ្តែកបាយ ដើម្បីទុកលក់អោយឈ្មួញកណ្តាល ដែលតម្លៃសណ្តែកបាយ នៅលើទីផ្សារក្នុងស្រុកឆ្នាំនេះ មានហាងឆេងល្អជាងឆ្នាំ២០១៥ បន្ថែមទៀត។
សេចក្ដីរាយការណ៍ បានអោយដឹងថា តម្លៃហាងឆេងសណ្តែកបាយកាលពីឆ្នាំ២០១៥ ថ្លៃ៣០០០រៀល ក្នុង១គីទ្បូក្រាម នៅឆ្នាំ២០១៦នេះ តម្លៃសណ្តែកបាយក្នុងស្រុកបានហក់ទ្បើងថ្លៃដល់៣៥០០រៀលក្នុង១គីទ្បូក្រាម គឺអាចជួយលើកស្ទួយជីវភាពកសិករអោយកាន់តែធូរធារថែមទៀតមួយកម្រិតទៀត ។
នៅព្រឹកថ្ងៃទី០៦ខែកក្កដាឆ្នាំ២០១៦ ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ លោក ពឹង ទ្រីដា បានអោយដឹងថា ឆ្នាំនេះ កសិករនៅទូទាំងខេត្តព្រះវិហារដាំដុះសណ្តែកបាយបានចំនួន៨ពាន់ហិកតាដែលបានដាំតាំងពីខែមេសា ចុងរដូវប្រាំង២០១៦។មកដល់ខែកក្កដានេះកសិករចាប់ផ្តើមប្រមូលផលបណ្តើរៗ ដែលទទួលបានទិន្នផលចាប់ពី១,២០តោនដល់១,៥០តោនក្នុង១ហិកតា។
លោកប្រធានមន្ទីរបន្តថា តម្លៃសណ្តែកបាយឆ្នាំនេះមានហាងល្អគឺថ្លៃ៣៤០០រៀលដល់៣៥០០រៀលក្នុង១គីទ្បូក្រាម។ដំណាំសណ្តែកបាយសម្បូរដាំដុះជាងគេនៅតាមស្រុកចំនួន៣រួមមានស្រុកត្បែងមានជ័យស្រុកសង្គមថ្មី និងស្រុកគូលែន។
លោក ថ្លែងបញ្ជាក់ថា បន្ទាប់ពីប្រជាកសិករប្រមូលផលសណ្តែកបាយចប់នាពេលដ៏ខ្លីខាងមុខនេះគឺដល់រដូវដាំដុះដំណាំសណ្តែកសៀងបន្តទៀត។
គួរបញ្ជាក់ថា សណ្តែកបាយជាមុខទំនិញកសិផលមួយប្រភេទរក្សាតម្លៃបានល្អ ទាំងលើទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ប្រទេសជិតខាងកម្ពុជា ដូចជា ប្រទេសវៀតណាម និងថៃ ជាដើមដើម្បីចូលរោងចក្រផលិតចំណីអាហារផ្សេងៗ៕