គយខេត្តបន្ទាយមានជ័យ ចាប់ផ្ដើម ចាប់ម៉ូតូអត់ពន្ធ តម្រូវឲ្យបង់ពន្ធ
បន្ទាយមានជ័យ ៖ ជាលើកទីមួយហើយ ដែលមន្ដ្រីគយខេត្តបន្ទាយមានជ័យ ដាក់ប៉ុស្តិ៍ស្ទាក់ចាប់ម៉ូតូអត់ពន្ធ តម្រូវអោយបង់ពន្ធ នៅលើកំណាត់ផ្លូវជាលេខ៥ ត្រង់ចំណុចអតីតសួនស្ព័រ ក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោក កៅ វិសុទ្ធ មន្ត្រីគយខេត្តបន្ទាយមានជ័យ ដែលចុះអនុវត្តន៍ជាក់ស្ដែងដោយមានការសហការជាមួយ សមត្ថកិច្ចនគរបាល និងប៉េអិម ក្នុងការឃាត់ចាប់ម៉ូតូ ដែលគ្មានពន្ធនាំចូល បានអោយដឹងថា លោកទទួលបានការណែនាំពីលោក ឆែ សុធា ប្រធានសាខាគយខេត្តបន្ទាយមានជ័យ ក្នុងការចុះអនុវត្ត បង្ក្រាបលើម៉ូតូដែលគ្មានការបង់ពន្ធនាំចូលអោយបង់ពន្ធ ភ្លាមៗ បើម្ចាស់ម៉ូតូណា មានលទ្ធភាពសម្រាប់បង់ពន្ធ ។
លោក ឆែ សុធា ប្រធានសាខាគយខេត្តបន្ទាយមានជ័យ បានបញ្ជាក់អោយដឹងដែរថា បន្ទាប់ពីមានការផ្សព្វផ្សាយជាសាធារណៈ ដល់ម្ចាស់យានយន្តអោយចូលបង់ពន្ធទាន់មានការអនុគ្រោះ តែពួកគាត់មួយចំនួននៅតែមិនព្រមចូលបង់ពន្ធដូច្នេះ យើងត្រូវបង្ខំអោយបង់ពន្ធទាន់ការបង់នៅមានការអនុគ្រោះ មិនមានការផាក់ពិន័យ និងបង់ពន្ធពេញ ។ ព្រោះថា ចាប់ពីខែសីហា ២០១៦ ខាងមុខនេះតទៅ មិនមានការអនុគ្រោះ គឺត្រូវបង់ពន្ធពេញ ។
លោក បន្តថា ជាមួយនឹងការចាប់នេះ បានអនុវត្តជាច្រើនខែមកហើយក្នុងនោះបានម៉ូតូរាប់រយគ្រឿង ជាមួយគ្នាក៏បានពន្យល់អោយគាត់យល់ពីការនៅអនុគ្រោះ និយាយរួមដូចជាការជួយពួកគាត់ មិនអោយមានការបង់ពន្ធពេញ ។
សូមបញ្ជាក់ថា កន្លងមកខេត្តបន្ទាយមានជ័យ មន្ត្រីគយពុំដែលចុះអនុវត្តន៍ លក្ខណៈទូទៅក្នុងការបង្ក្រាបម៉ូតូ ឬយានយន្តគ្មានពន្ធឡើយ គឺមានតែការឆ្មក់ចាប់ លើមុខសញ្ញាដែលបានកំណត់ តែប៉ុណ្ណោះ ។ តាមរយៈនៃការរឹតបណ្តឹងបង្ក្រាបម៉ូតូ ឬយានយន្តអត់ពន្ធធ្វើអោយ ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ងាកមកប្រើប្រាស់មធ្យោបាយធ្វើដំណើរដោយស្របច្បាប់ ៕