ប្រតិភូក្រសួងប្រៃសណីយ៍ នាំយកសម្ភារៈសឹក ប្រគល់ជូន កងពលតូច ថ្មើរជើង លេខ ៤១ សមរភូមិមុខ
ឧត្តរមានជ័យ ៖ សម្ព័ន្ធមេត្រីភាព ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននាំយកសម្ភារៈប្រើប្រាស់ សម្រាប់កងទ័ព ប្រគល់ជូនអង្គភាពកង ពលតូច ថ្មើរជើងលេខ៤១ ដែលឈរជើងនៅសមរភូមិមុខ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកអន្លង់វែង កំពុងបំពេញភារកិច្ច នៃទិសប្រសាទព្រះវិហារ ។
ពិធីនេះ បានធ្វើឡើង នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ នារសៀលថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញនេះ ក្រោមវត្តមាន លោក ខាយ ឃុនហេង រដ្ឋលេខាធិការ ជាតំណាងឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំ ប្រតិភូក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ។
លោក ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បានសំដែង ការស្វាគមន៍ ចំពោះប្រតិភូតំណាង ទាំងអស់ ដែល បានឆ្លៀតពេលវេលាដ៏មានតំលៃ ទោះបីភ្លៀងជោគជាំក៏ ដោយ នៅតែចុះមក សួរសុខទុក្ខដល់ នាយទាហាន ពលទាហាន និងនាំសម្ភារៈសម្រាប់ តម្រូវការ របស់ កងទ័ពប្រើប្រាស់ជាចាំបាច់ នៅទិសមុខផងដែរ ។
លោក បានបន្ដថា បច្ចុប្បន្ននៅតាម បណ្តោបន្ទាត់ព្រំដែនកម្ពុជា-ថៃ មាន សភាពស្ងប់ស្ងាត់ពិតមែន ក៏ ប៉ុន្តែកំលាំង កងទ័ពរបស់យើងពុំ ដែលធ្វេសប្រហែស ឡើយ កងទ័ពបាន ត្រៀម នូវកម្លាំង ស្បៀងអាហារ បរិក្ខារ សឹក នៅពេលមាន រឿងដោយ យថាហេតុ ណាមួយកើតឡើង ដើម្បីអន្តរាគមន៍ ឲ្យទាន់ពេលវេលាក្នុង ភារកិច្ចការពារទឹកដីឲ្យបានរឹងមាំ ។
លោក រដ្ឋលេខាធិការ ខាយ ឃុនហេង មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់ ឯកឧត្តរដ្ឋមន្ត្រីដល់កងទ័ពយើងដែលឈរ ជើងនៅសមរភូមិមុខ និងគ្រួសារ កងទ័ព ។ មិនតែប៉ុណ្ណោះសម្តេចតេជោ ក៏បានជម្រុញដល់គ្រប់ស្ថាប័ននានា នៅសមរភូមិ ក្រោយ ឲ្យ ផ្សារភ្ជាប់សម្ព័ន្ធមេត្រីភាពកិច្ចសហប្រតិបត្តិការ ជាមួយកងទ័ព សមរភូមិមុខ ហើយ បានធ្វើឲ្យការទំនាក់ទំនងគ្នាមានភាព ស្អិត រមួតរវាងសមរភូមិ ទាំងពីរផងដែរ ។
លោក បានកោតសរសើរ មេបញ្ជាការកងពលដែលបានខិតខំរៀប ចំ រចនាសម្ព័ន្ធគ្រប់បណ្តា កងអង្គភាពវរសេនាតូច និងស្នាដៃកែច្នៃ ឲ្យអង្គភាពមាន ការរីក ចំរើន បានឆាប់រហ័ស ពីមួយឆ្នាំ ទៅមួយឆ្នាំ និងកោតសរសើរ ចំពោះវីរភាពដ៏ អង់ អាច ក្លាហានរបស់នាយទាហាន ពលទាហាន ដែលបានហ៊ានលះបង់ ពាក់លីជីវិត តស៊ូប្រយុទ្ធ ដេញសត្រូវដែលឈ្លានពានទឹកដី នៃប្រទេសកម្ពុជាក្នុងកិច្ចការពារជាតិមាតុភូមិ កម្ពុជាឲ្យបានគង់វង្ស ស្ថិតស្ថេរជារៀងរហូត តរៀងមក ។
អំណោយជាសម្ភារៈប្រើប្រាស់ សម្រាប់កងទ័ព ដែលអង្គភាពសម្ព័ន្ធមេត្រីភាពបាននាំមក រួមមាន ៖ វិទ្យុទាក់ទងKANWOOD អង់តែន អំពូលភ្លើងខ្សែ អង់តែន ចំនួន ៥គ្រឿង ICOM Motorolla MTS ចំនួន២៥គ្រឿង សូឡាឈុត ( ផ្ទាំងសូឡាអាគុយ ៨០ អំពែ ចំនួន ៥ ឈុត ព្រមទាំងខ្សែ ភ្លើង អំពូលភ្លើង និងម៉ូតូ វេវ មួយ គ្រឿងផងដែរ ៕