ដាំដើមឈើព្រៃលិចទឹក ដើម្បីរួមចំណែកអភិរក្សតំបន់ទេសចរណ៍ធម្មជាតិ
សៀមរាប ៖ អាជ្ញាធរពាក់ព័ន្ធ នៃខេត្តសៀមរាប ចំនួនជាង១រយនាក់ នៅថ្ងៃអាទិត្យទី០៣ ខែកក្កដាឆ្នាំ២០១៦ បានរួមគ្នាធ្វើការដាំដើមព្រៃលិចទឹកនៅបឹងពារាំងដើម្បី រួមចំណែកអភិរក្សតំបន់ទេសចរណ៍ធម្មជាតិ មួយនេះឲ្យកាន់តែប្រសើរឡើងថែមទៀត។
លោក អនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានឲ្យដឹងថា ក្រោមជំនួយពីអង្គការ ហ្វេក (FACT) ជួយឧបត្ថម្ភការដាំដើមឈើ នៅថ្ងៃនេះ លោក បានប្រគល់បន្តទៅឲ្យទៅខាងសហគមន៍ នេសាទចុងឃ្នៀស និងសហគមន៍ ប្រើប្រាស់ ទឹកសង្កាត់ជ្រាវផ្ទាល់ដៃភ្លាមៗ តែម្តង ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ សហគមន៍ អាជ្ញាធរដែនដី មន្ត្រីរាជការ ទាំងអស់ឲ្យចូលរួមការពារថែរក្សា អភិរក្ស អភិវឌ្ឍន៍ តំបន់អភិរក្សបឹងពារាំងនេះទាំងអស់គ្នា ដើម្បីយើងទាំងអស់គ្នានៅថ្ងៃអនាគត ជាពិសេសចូលរួមទប់ស្កាត់ឲ្យចំពោះបានក្រុមអ្នកកាប់បំផ្លាញព្រៃឈើ អ្នកដុតព្រៃលិចទឹក អ្នកប្រមាញ់សត្វស្លាប អ្នកលួចនេសាទខុសច្បាប់ ដូចជាលប អួន ណរ៉ាវ ក្រឡាញឹមជាដើម។
លោក ភូង លីណា ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានប្រាប់ថា ការបង្កើតតំបន់បឹងពារាំងទៅជាតំបន់អភិរក្ស គឺដើម្បីការពារអភិរក្សជីវចម្រុះ ដូចជា ព្រៃលិចទឹកពពួកមច្ឆា និងសត្វស្លាបទឹកជាដើម។ លោក បន្តថា ការដាំដើមឈើថ្ងៃនេះវាជាសារមួយដល់ប្រជាពលរដ្ឋនៅតំបន់ព្រៃលិចទឹកនេះ ឲ្យចេះថែរក្សាធនធានធម្មជាតិ ចេះចូលរួមអភិរក្សព្រៃលិចទឹក នាំគ្នាដាំព្រៃលិចទឹកឡើងវិញទាំងអស់គ្នា។ ព្រៃលិចទឹក គឺជាសំបុកត្រីពងកូន ជាចំណីត្រី ជាជំរកសត្វស្លាបទឹកនិង ក៏ជា រនាំង បាំងខ្យល់ដ៏សំខាន់បំផុត ដែលយើងមិនអាចអត់ព្រៃលិចទឹកបានទេ។
លោក បន្តទៀតថា អាជ្ញាធរមានគំរោងដាំដើមឈើ៨០០ដើមនៅឆ្នាំនេះ តែថ្ងៃនេះ នៅតំបន់នេះគឺដាំបានជាង២០០ដើមសិន ហើយកូនឈើដែលនៅសល់ទុកដាំនៅតំបន់ផ្សេងៗទៀត ក្នុងសង្កាត់ចុងឃ្នៀស សង្កាត់ជ្រាវ និងសង្កាត់សៀមរាប ដែលមានផ្ទៃដីចំនួន៣០៩៨ហិកតា ចំណែកឯតំបន់អភិរក្សអូរាំងស្រោង នៅខាងស្រុកពួកមានផ្ទៃដីជាង៤ពាន់ហិកតាផងដែរ។
លោក បន្ថែមថា ឆ្នាំ២០១៥-២០១៦នេះ អាកាសធាតុប្រែប្រួល រាំងស្ងួត បណ្តាលឲ្យខ្វះទឹកប្រើប្រាស់ ក្តៅហួតហែងបណ្តាលឲ្យភ្លើងឆេះព្រៃរហូតដល់ជិត១សប្តាហ៍ក៏មាន ដែលតំបន់ខ្លះយើងមិនមានលទ្ធភាពអាចពន្លត់បាន ដូចជានៅខាងព្រែកទាល់ខាងកំពង់ភ្លុក និងកែវពណ៌ជាដើម តែតំបន់ពារាំងយើងមានឡានទឹកអាចចូលពន្លត់បាន។
លោក បានបន្ថែមថា នៅខេត្តសៀមរាបភ្លើងឆេះព្រៃកាលពីរដូវប្រាំងកន្លងទៅថ្មីៗនេះ គឺឆេះអស់ជិត១ពាន់ហិកតា។ លោក បញ្ជាក់ថា ទន្ទឹម និងការអភិរក្សយើងក៏មានការអភិវឌ្ឍន៍ តំបន់បឹងពារាំងនេះគឺយើងអភិវឌ្ឍន៍ តាមបែបទេសចរណ៍ធម្មជាតិ។ ដើម្បីឲ្យមានការសំបូរបែប ខាងធនធានធម្មជាតិនិងមានសោភ័ណ ភាពល្អ សំរាប់បង្អួតភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
លោក បញ្ជាក់ទៀតថា នៅតំបន់បឹងពាររាំងគឺល្អស្អាតជាងតំបន់ផ្សេងៗទៀតសំរាប់ភ្ញៀវទេសចរណ៍ ព្រោះតំបន់នេះមានទឹក មានត្រី មានព្រៃព្រឹក្សាមានសត្វស្លាបទឹករាប់ម៉ឺនក្បាល ហែហមអមជាមួយ និងទេសភាពធម្មជាតិពិតៗ៕