ព្រះសង្ឃ និងប្រជាពលរដ្ឋ រួមគ្នាកសាង ស្ពានឈើចូលវត្តបូរីប្រាសាទជ័យ បន្ទាប់ពីទឹកភ្លៀងជន់ហូរបុកផ្តាច់
ឧត្តរមានជ័យ ៖ ស្ពានឈើមួយកន្លែង ផ្លូវចូលវត្តបូរីប្រាសាទជ័យក៏ដូចជាផ្លូវឆ្លងកាត់ ភូមិប្រជាពលរដ្ឋក្នុងទីរួមស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវបានសាងសង់ឡើងវិញ បន្ទាប់ពីទឹកភ្លៀងជន់ហូរបុកផ្តាច់ នាពេលថ្មីៗ នេះ ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកត្រពាំងប្រាសាទ បានឲ្យដឹងថា នៅក្នុងខែមិថុនា ឆ្នាំ២០១៦ ទឹកភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ បានបង្ក ឲ្យទឹកភ្លៀងជន់ហូរបុកផ្តាច់ស្ពានឈើខាងលើ ត្រូវបានប្រជាពលរដ្ឋក្នុងស្រុកចូលរួមជា(ថវិកា)រួមទាំង(ថវិកា)ព្រះសង្ឃ បានសាងសង់ស្ពានឈើមួយកន្លែងនេះឡើងវិញ ដែលមានប្រវែងទទឹង៤ម៉ែត្រ បណ្តោយ១០ម៉ែត្រ។
ព្រះសង្ឃគង់ក្នុងវត្តបូរីប្រាសាទជ័យ មានសង្ឃដីកាថា វត្តបូរីប្រាសាទជ័យ ស្ថិតនៅក្នុងទីរួមស្រុកត្រពាំងប្រាសាទ មានព្រះសង្ឃគង់នៅជាច្រើនអង្គ ប៉ុន្តែសូម្បីតែបច្ច័យកសាងស្ពានថ្មមួយ ក៏មិនបាន ហើយស្ពានឈើមួយកន្លែងនេះ ព្រះសង្ឃបានកសាងជាយូរឆ្នាំមកហើយ និងបានទ្រុតទ្រោមទៅវិញ ខណៈមានទឹកភ្លៀងធ្លាក់បន្តបន្ទាប់ត្រូវទឹកជន់ហូរបុកផ្តាច់តែម្តង។
ព្រះសង្ឃបន្តថា នាពេលដ៏ខ្លីខាងមុខ ព្រះសង្ឃនឹងចូលកាន់ព្រះវស្សាត្រូវបានពុទ្ធបរិស័ទ ចូលធ្វើបុណ្យព្រះវស្សាដោយធ្វើដំណើរមិនបាន ទើបពុទ្ធបរិស័ទ បានចូលរួមជាបច្ច័យមួយចំនួន ដើម្បីសាងសង់ស្ពានឈើនេះជាបណ្ដោះអាសន្ន ។ ព្រះសង្ឃ សុំអំពាវនាវដល់ពុទ្ធបរិស័ទ ជាបន្ត ដែលរស់នៅទីជិតទីឆ្ងាយ ព្រមទាំង ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រីមេត្តា ជួយឧបត្ថម្ភជា(ថវិកា)សម្រាប់សាងសង់ស្ពានឈើនេះប្រែក្លាយទៅជាស្ពានថ្មផងចុះ៕