កម្ពុជា កំពុងសម្រុកសាងសង់ផ្លូវដែក ឲ្យរួចរាល់នៅចុងឆ្នាំ២០១៦នេះ
បន្ទាយមានជ័យ ៖ ផ្លូវដែកកម្ពុជា ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងស្ថាបនាឡើងវិញ តភ្ជាប់ ជាមួយថៃ រថភ្លើងរបស់ថៃបានចរាចរមកដល់លើស្ពាននៃអូរព្រំដែនកម្ពុជា-ថៃ ខាងជើងស្ពាន មិត្តភាពកម្ពុជា-ថៃ នៃច្រកទ្វាអន្តរជាតិប៉ោយប៉ែត ។
ជាមួយផ្លូវដែករបស់ថៃ ដែលមានរថភ្លើងរបស់ថៃបើកមកលើស្ពានរថភ្លើងកម្ពុជា-ថៃ សបញ្ជាក់ឲ្យឃើញថា ខាងភាគីថៃបានស្ថាបនាផ្លូវរថភ្លើងរួចរាល់ហើយ ។ តែខាងកម្ពុជា ក៏កំពុងសម្រុកធ្វើទាំងយប់ទាំងថ្ងៃ ធ្វើយ៉ាងណា អោយរួចរាល់នៅចុងឆ្នាំ២០១៦ ដោយមានក្រុមហ៊ុន ស៊ីណូហាយទ្រូ ជាអ្នកទទួលម៉ៅការដោយតភ្ជាប់ផ្លូវដែកពីស្ពានព្រំដែនកម្ពុជាថៃមក ខាងកម្ពុជាប្រមាណ ៦គីឡូម៉ែត្រ កំពុងបង្ក ការកកស្ទះចរាចរដល់ការចេញចូលរបស់ភ្ញៀវទេសចរណ៍ ការដឹកទំនិញចេញចូលតាមរយៈរថយន្តធន់ធំជាដើម ។
ជាមួយនឹងការមមាញឹកនៃការធ្វើនេះ ផងដែរគឺឃើញថា ក្រុមគណៈកម្មកាអន្តរក្រសួងរបស់ខាងកម្ពុជា ជាមួយអាជ្ញាធរខេត្ត ក៏បានចុះសហការរួមគ្នា ធ្វើយ៉ាងណាសម្របសម្រួលផល ប៉ះពាល់ ប្រជាពលរដ្ឋ និងធ្វើចរាចរដល់ការសាងសង់ ផ្លូវដែកនេះផងដែរ ។ ផ្លូវដែកដែលកំពុងស្ថាបនាភ្ជាប់ជាមួយថៃ គឺធ្វើកាត់ចំកណ្តាលរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយឆ្ពោះទៅព្រំដែនកម្ពុជាថៃ ពីមុខកាស៊ីណូជាច្រើន ។
លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានអោយដឹងនូវ រសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ នេះថា ចំពោះបញ្ហាស្ថាបនាផ្លូវដែកនេះ ខាងលោកពុំដឹងព័ត៌មាន ជាក់លាក់នោះទេ ដោយគ្រាន់តែដឹងថា តាមការគ្រោង ទុកធ្វើយ៉ាងណាអោយរួចរាល់នៅចុងឆ្នាំ២០១៦ នេះតែម្តង ហើយចំពោះបញ្ហាផ្សេងៗ គឺលោកសូមអោយទំនាក់ទំនងសួរខាងនាយកដ្ឋានក្រសួងសាធារណៈការ និងដឹកជញ្ជូនកម្ពុជា ។
គួររំលឹកថា ផ្លូវដែកកម្ពុជាពីក្រុងសិរីសោភ័ណ នៃទីរួមខេត្តបន្ទាយមានជ័យ ទៅស្រុកអូរជ្រៅព្រំដែនកម្ពុជាថៃ បច្ចុប្បន្ន ជាក្រុងប៉ោយប៉ែត ត្រូវបានខូចខាតតាំងឆ្នាំ១៩៧៩ ហើយត្រូវបានប្រជាពលរដ្ឋមួយចំនួនរើដែក យកទៅលក់ ដើម្បីដូរអំបិល ។ តែដោយឡែកផ្លូវដែកពីក្រុងសិរីសោភ័ណ ទីរួមខេត្តបន្ទាយមានជ័យ ទៅខេត្តបាត់ដំបង គឺត្រូវបានឈប់ដំណើរការអំឡុងឆ្នាំ២០០១-២០០២ ៕