ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ ត្រូវបាន ដកចេញ ដាក់ជំនួសលោក មាស ច័ន្ទពិសិទ្ធ
បន្ទាយមានជ័យ ៖ក្រោយពីព្រះមហាក្សត្រកម្ពុជា ត្រាស់បង្គាប់ និងតែងតាំងមុខតំណែង ព្រះរាជ អាជ្ញារងរាជធានីភ្នំពេញ និងព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៥ កក្កដា ២០១៦ នេះនៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ត្រូវបានប្រារឰពិធីប្រកាសតែងតាំងលោក មាស ច័ន្ទពិសិទ្ធព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
យោងតាមព្រះរាជក្រឹត្យ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្ទេរ និងតែងតាំងមុខតំណែងលោក ផាន់ វណ្ណរ័ត្ន ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ អោយមកបំពេញការងារនៅក្រសួងយុតិ្តធម៌ និងតែងតាំងលោក មាស ច័ន្ទពិសិទ្ធ ពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូលរាជធានី ភ្នំពេញ មកជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។
លោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ ដែលត្រូវផ្ទេរទៅកាន់ក្រសួងយុត្តិធម៌ បានធ្វើសេចក្តីរាយការណ៍ ពីការងារដែលលោកបានបំពេញការងារក្នុងរយះពេលជិត៥ឆ្នាំ បានដោះស្រាយរឿងទាំងធំ និងតូចរាប់ពាន់សំណុំរឿង។ចំពោះសំណុំរឿងដែលនៅសល់មិនទាន់ដោះស្រាយចប់សម្រាប់លោកព្រះរាជអាជ្ញាថ្មីមាន៦៣០សំណុំរឿងទៀតដែលត្រូវដោះស្រាយបន្ត។
ជាមួយគ្នានោះលោកបានស្នើសុំអោយមានកិច្ចសហការគ្នាបន្តទៀតក្នុងការដោះស្រាយសំណុំរឿងធ្វើយ៉ាងណាកុំអោយគេនិយាយថា ខេត្តបន្ទាយមានជ័យជាតំបន់តិចសាស្ត្រ។
លោក មាស ច័ន្ទពិសិទ្ធ ព្រះរាជអាជ្ញាថ្មីខេត្តបន្ទាយមានជ័យបានលើកពីប្រវត្តិសិក្សានិងជីវប្រវត្តិការងារហើយលោកសង្ឃឹមថា តាមរយះប្រវត្តិខាងលើលោកនិងខិតខំបំពេញការងារអោយកាន់តែរីកចំរើនតាមរយះតួនាទីនិងកិច្ចសហការផ្ទៃក្នុងអោយបានល្អនិងសហការជាមួយស្ថាប័នពាក់ព័ន្ធ។
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានលើកឡើងថា ការដោះដូរតួនាទីរបស់មន្ត្រីរាជការគ្មានអ្នកណាជៀស ផុតឡើយ។
ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ការដោះដូរនោះធ្វើឡើង ដើម្បីអោយមានប្រសិទ្ធភាពខ្ពស់ក្នុងការបំរើអោយវិស័យយុត្តិធម៌ និងមានការជឿទុកចិត្តពីគ្រប់មជ្ឈដ្ឋាន៕