បើកបរដណ្ដើមគ្នាជែង ជ្រុលបុកធ្លាក់ កិនស្លាប់ម្នាក់ និងរងរបួសម្នាក់
បាត់ដំបង ៖ រថយន្តជាច្រើនគ្រឿង បានបើកបរសម្រុកដណ្តើមគ្នាជែង ដល់ចំណុចផ្លូវកោង ជ្រុលចង្កូត ទៅបុកកន្ទុយគ្នា ធ្លាក់មនុស្សកិនស្លាប់ម្នាក់ និងរងរបួសម្នាក់ បណ្ដាលឲ្យកកស្ទះចរាចរណ៍រាប់ម៉ោងលើកំណាត់ផ្លូវជាតិ។
ហេតុការណ៍រថយន្ដបុកបន្ដកន្ទុយគ្នានេះ បានកើតឡើង កាលពីវេលាម៉ោង៤ និង១០ នាទីល្ងាច ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុច ផ្លូវកោង ស្ថិតក្នុងភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគឺមានគោយន្តកែច្នៃមួយគ្រឿង ដែលមានមុខរបរដឹកទឹកលក់នៅតាមភូមិ និងបើកបរដោយឈ្មោះ បួរ ក្រួច ភេទប្រុស អាយុ៤៤ឆ្នាំ
រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ បានបើកបរយឺតៗក្នុងទិសដៅពីលិចទៅកើត ។
ប្រភព បានបន្ដថា លុះទៅដល់ត្រង់ចំណុចផ្លូវកោងស្រាប់តែមានរថយន្តមួយគ្រឿង ជាប្រភេទតួរីស VIP ដែលកំពុងបើកបរស្របទិសពីខាងក្រោយ បានឡើងជែងគោយន្តច្នៃ ប៉ុន្តែស្របពេលជាមួយគ្នានោះដែរ ក៏មានរថយន្តកាម៉ាស់ មួយគ្រឿងទៀត ដែលបើកមក ពីខាងក្រោយក៏មានបំណងឡើងជែង បន្ថែមទៀត ទៅលើរថយន្តតួរីស ទើបជ្រុលទៅបុក គូទរថយន្តតួរីសយ៉ាងខ្លាំង ធ្វើអោយ រថយន្តតួរីស ជ្រុលទៅបុកពីក្រោយគោយន្តច្នៃ យ៉ាងពេញទំហឹង ធ្វើអោយអ្នកបើកគោយន្តច្នៃធ្លាក់ចុះពីលើគោយន្តចំកណ្តាលថ្នល់ ពេលនោះកង់រថយន្តដែលទៅពីក្រោយកិនតែម្តង ធ្វើអោយអ្នកបើកបររូបនោះស្លាប់ នៅនឹងកន្លែងកើតហេតុ មិនត្រឹមតែប៉ុណ្ណោះទេ ម៉ូតូមួយគ្រឿងដែលកំពុងបើកបរមក ពីមុខក្នុងទិសដៅច្រាស់គ្នា បានខំប្រឹងគេចរហូតធ្លាក់ផ្លូវក៏ត្រូវគោយន្តច្នៃដែលកំពុងត្រូវបាន រថយន្តរុញពីក្រោយទៅបុកហើយកិនពីលើម៉ូតូនោះ និងធ្វើអោយអ្នកបើកបររងរបួស
បន្តិចបន្តួចផងដែរ ។
ក្រោយពេលកើតហេតុ និងមុនពេលដែលសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ចុះទៅដល់ គឺអ្នកបើកបររថយន្តកាម៉ាស់ បានរត់គេចខ្លួនបាត់ទៅហើយ ដោយសារតែ រថយន្តនេះគឺជាអ្នកបង្កហេតុ ។ បច្ចុប្បន្ន មធ្យោបាយធ្វើដំណើរទាំងអស់ត្រូវបានប្រគល់ទៅអោយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តជាអ្នកដោះស្រាយ ។ចំណែកសព ត្រូវបានប្រគល់ទៅអោយក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីហើយដែរ ៕