ផឹកស៊ីទាស់ពាក្យសម្ដីគ្នា អ្នកចាញ់ ចូលពេទ្យ អ្នកឈ្នះជាប់ខ្មោះ
ឧត្តរមានជ័យ៖ ផឹកស៊ីទាស់ពាក្យសម្តីគ្នា បង្កជាអំពើហិង្សា ដោយបុរសជនរងគ្រោះ បានទាញដំបងវាយទៅលើជនសង្ស័យ ហើយត្រូវជនសង្ស័យ យកកាំបិតតាំងតោកាប់ មកលើជនរងគ្រោះវិញ បណ្ដាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ ។
ករណីនេះ បានកើងឡើង នៅវេលាម៉ោង១៦និង៤៥នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្សារច្រកអន្តរជាតិ ជាំសាង៉ាំ ស្ថិតនៅក្នុងភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ច បានឲ្យដឹងថា អំពើហិង្សាដោយចេតនានេះ បង្កឡើង ដោយជនសង្ស័យ ចំនួន២នាក់ ទី១. ឈ្មោះ ហង្ស វិរៈបុត្រ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិបឹងទំពន់ សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ បច្ចុប្បន្ន ស្នាក់នៅធ្វើកម្មករសំណង់នៅភូមិ ឃុំកើតហេតុខាងលើ។ ២-ឈ្មោះ ម៉ឹង សរឿន ហៅគ្រោង ភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិត្នោតជ្រុំ សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ បច្ចុប្បន្ន ស្នាក់នៅធ្វើកម្មករសំណង់នៅភូមិ-ឃុំកើតហេតុខាងលើ។
ជនរងគ្រោះ ឈ្មោះ អោក ចន្ថា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិប៉ឺស ឃុំប៉ឺស ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម ទើបមកស្នាក់នៅភូមិឃុំកើតហេតុខាងលើ បាន២ថ្ងៃ ដើម្បីរកការងារធ្វើ ត្រូវបានជនសង្ស័យយកកាំបិតតោកាប់ត្រូវស្មា ខាងស្តាំ១កាំបិត ប្រវែង៥សង់ទីម៉ែត្រ ជម្រៅដល់ឆ្អឹង រងរបួសយ៉ាងធ្ងន់ធ្ង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង។
សមត្ថកិច្ច បានអោយដឹងទៀតថា មូលហេតុផឹកស៊ីទាស់សម្តីគ្នា ជនរងគ្រោះទាញដំបងវាយទៅលើជនសង្ស័យ ហើយត្រូវខាងជនសង្ស័យ យកកាំបិតតាំងតោកាប់មកលើជនរងគ្រោះវិញ។
សមត្ថកិច្ច បានបន្តទៀតថា ករណីនេះ បន្ទាប់ពីទទួលព័ត៌មាន លោកវរសេនីយ៍ទោ ស៊ីម វណ្ណះ អធិការនគរបាលស្រុកអន្លង់វែង បានចាត់តាំងកម្លាំងនគរបាលស្រុក ចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ឈានទៅឃាត់ខ្លួន ជនសង្ស័យទាំង០២នាក់ យកមកកាន់អធិការដ្ឋាននគរបាលស្រុក។ បច្ចុប្បន្នកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕