ដុតកម្ទេចទំនិញខូចគុណភាព និងណែមសាច់ត្រីសរុប ជាង៤តោន
បាត់ដំបងៈ ទំនិញខូចគុណភាពជាច្រើនប្រភេទ រួមទាំងប្រហិតសាច់ត្រី និងណែមសាច់ត្រី ដែលមានលាយសារធាតុគីមី ហាមឃាត់ បូរ៉ាក់ ត្រូវបានដុតបំផ្លាញចោល បន្ទាប់ពី កំលាំងសាខាកាំកុងត្រូលខេត្ត បានចុះប្រតិបត្តិការត្រួតពិនិត្យទៅលើទីផ្សារ និងតាមបណ្តាស្តង់ បោះដុំ និង រាយ រួចមក ទើបធ្វើការដកហូតទំនិញទាំងនេះ ។
នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ នេះ សាខាកាំកុងត្រូល ខេត្តបាត់ដំបង បានរៀបចំ ពិធីដុតកម្ទេចនូវទំនិញ ខូចគុណភាព ដែលប្រព្រឹត្តឡើងនៅចំនុចក្បែរបង អធិការដ្ឋាន នគរបាលស្រុកសង្កែ ក្រោមវត្តមានលោក ច័ន្ទ សុផល គណៈអភិបាល នៃគណៈអភិបាលខេត្ត លោក ហេង លុយ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត លោក ហាក់ សុខ រិន ប្រធានសាខាកាំកុង ត្រូលខេត្ត លោក ស៊ុន សុវណ្ណ អធិការ នគរបាលស្រុកសង្កែ និងអាជ្ញាធរមូលដ្ឋាន មន្ត្រីកាំកុងត្រូលជាច្រើនរូបផងដែរ ។
នៅក្នុងឱកាសនោះដែរ លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូល បានបញ្ជាក់ថា ទំនិញដែលត្រូវដុតបំផ្លាញ នាឱកាសនេះ គឺមាន ទំនិញចំរុះ ២៧៧៦ គីឡូក្រាម ប្រហិតសាច់ត្រី ដោយមានដាក់លាយសារធាតុគីមី បូរ៉ាក់ ១២០០គីឡូក្រាម ណែមសាច់ត្រី ដែលមានដាក់លាយសារធាតុ គីមី បូរ៉ាក់ ៥១៥ គីឡូក្រាម សរុបនៃការដុតបំផ្លាញថ្ងៃនេះ មានចំនួន ៤៤៩១ គីឡូក្រាម ៕