ក្មេងប្រុសម្នាក់ ត្រូវរថយន្តកិនផ្ទុះក្បាលស្លាប់ យ៉ាង អាណោចអាធ័ម
បាត់ដំបង ៖ ក្មេងប្រុស មានអាយុ៣ឆ្នាំ បានដើរឆ្លងផ្លូវទៅតាមឪពុក ត្រូវបានរថយន្តបុកកិនចំក្បាល បណ្តាលអោយផ្ទុះខួរចេញមកក្រៅ ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ៦ ល្ងាច ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចខាងមុខឃ្លាំង ចែ ពៅ ស្ថិតក្នុងភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុគឺគេឃើញក្មេងប្រុសដែលមានឈ្មោះ ហ៊ួ ម៉េងសឺ អាយុ៣ឆ្នាំ ដែលរស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ បានដើរជាមួយ នឹងឪពុកនៅលើចិញ្ចើមផ្លូវ ។ នៅខណៈនោះ ក៏ស្រាប់តែមានមនុស្សម្នាក់ ដើរនៅឯថ្នល់ម្ខាងទៀត បានកើតអាការៈខ្យល់គ ដួលសន្លប់ស្តូកស្តឹង ដោយឃើញប្រជាពលរដ្ឋចោមរោមមើលនឹងកំពុងជួយសង្គ្រោះ ទើបបុរសជាឪពុក បានស្ទុះរត់ឆ្លងផ្លូវទៅមើល នឹងគេដែរ ដោយភ្លេចគិតថា កូនប្រុសរបស់ខ្លួនកំពុងដើរឆ្លងថ្នល់តាមពីក្រោយ ។
ប្រភពបានបន្ដទៀតថា អ្នកបើកបរ មានឈ្មោះ លាង ប៊ុនធឿន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ដែលកំពុងបើកបរជាមួយក្រុមគ្រួសារ ដើម្បីទៅចូលរួមខួបកំណើតក្មួយ នៅឯភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក បានសារភាពថា រូបគេ បានបើករថយន្តពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុ ដោយឃើញមានមនុស្សខ្យល់គ ដួលដេក នៅនឹងដីបែបនេះ ក៏បានបន្ថយល្បឿន បើកតិចៗ ដើម្បីមើលជនរងគ្រោះរូបនោះ ដោយមិនបានមើលទៅមុខ ហើយក៏មិនបានចាប់អារម្មណ៍ថា មានក្មេងប្រុសដើរកាត់មុខរថយន្តបែបនេះ នោះទេ លុះពេលកង់រថយន្តខាងមុខកិនទៅលើក្មេងទើបភ្ញាក់ខ្លួន ហើយចុះទៅមើលគឺក្មេងប្រុសម្នាក់បានផ្ទុះខួរ ស្លាប់បាត់ទៅហើយ ។ រថយន្ដបង្ក ម៉ា កPAJERO ពណ៌ស្លែរ ពាក់ផ្លាកលេខ ភ្នំពេញ 2G-6848 ត្រូវបាន នាំយកទៅរក្សាទុកនៅអធិការដ្ឋាន ជាបណ្តោះអាសន្នដើម្បីរង់ចាំការដោះស្រាយជាក្រោយ។
បច្ចុប្បន្នក្រោយពេលកើតហេតុគឺសាច់ញាតិ បាននិមន្តព្រះសង្ឃមកបង្សុកូលរួចទើប សមត្ថកិច្ចបានប្រគល់សពក្មេងប្រុសទៅអោយឪពុក នាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕