ពលរដ្ឋជាច្រើនគ្រួសារ ចេញមុខប្ដឹងពីជនកាប់ទន្ទ្រាន រំលោភយកដីព្រៃរបស់រដ្ឋ រាប់ពាន់ហិចតា នៅភូមិទំអរ
កំពង់ធំ ៖ បន្ទាប់ពីព័ត៌មានបានចេញផ្សាយ ដីព្រៃហាមឃាត់ រាប់រយហិតា នៅភូមិទំអរ ឃុំទំរីង ស្រុក សណ្ដាន់ ខេត្តកំពង់ធំ ត្រូវបានទទួលរងការកាប់ទន្ទ្រានយក ពីសំណាក់ជនទុច្ចរិត៣ទៅ៤នាក់ នោះ ឥឡូវមានប្រជាពលរដ្ឋជាច្រនើគ្រួសារ នៅភូមិនេះ បានចេញមុខប្ដឹងពីជននោះ និងសុំឲ្យ ឯកឧត្ដម អភិបាលខេត្ត ជួយមានវិធានការ ចំពោះឈ្មោះ សៀង ព្រីង និងប្រពន្ធឈ្មោះ ទុំ ចេក រស់នៅភូមិ ទំអរ ឃុំទំរីង ដោយចោទប្រកាន់ឈ្មោះនេះថា បានកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ រាប់រយហិចតា និងហួងហែង មិនឲ្យប្រជាពលរដ្ឋកាន់កាប់នោះទេ។
នៅក្នុងកម្មវត្ថុបណ្ដឹង របស់ប្រជាពលរដ្ឋ៣៤ គ្រួសារនេះ បានបន្តឲ្យដឹងថា ឈ្មោះ សៀង ព្រីង និងប្រពន្ធឈ្មោះ ទុំ ចេក នេះ ជាមេក្លោងក្នុងការកាប់ទន្ទ្រានរំលោភយកដីព្រៃនេះ ហើយបាន សរសេរស្លាកបិទនៅតាមផ្លូវធំពីមុខពីថា ជាព្រៃជម្រកសត្វស្វា ហើយក្រោយមកក៏បានហួងហែង មិនឲ្យប្រជាពលរដ្ឋចូលមកអាស្រ័យផល នៅទីនោះ លើសពីនេះ ឈ្មោះ សៀង ព្រីង និងប្រពន្ធទុំ ចេកបានជួលកម្មករកាប់ទន្ទ្រានដីព្រៃនេះ ចាប់ពីរណ្ដៅអាអ៊ិច ខាងត្បូងភូមិទំអរ ហើយយកទៅលក់ ទៅលក់បន្តឲ្យគេ រាប់រយហិចតាហើយកន្លងមកនេះ ដោយសំអាងថា ជាដីកម្មសិទ្ធរបស់ខ្លួន ហើយបច្ចុប្បន្ន ឈ្មោះនេះ នៅបន្តកាប់ទន្ទ្រានដីព្រៃនោះដដែល។ ប៉ុន្តែទោះជាយ៉ាងណាក្ដី នេះជា ការចោទប្រកាន់ពីភាគីម្ខាងតែប៉ុណ្ណោះ ចំណែកឈ្មោះ សៀង ព្រីង និងប្រពន្ធ ឈ្មោះទុំ ចេក មិនបានបំភ្លឺដូចម្ដេចនោះទេ ដោយអ្នកសារព័ត៌មានធ្វើការ ទំនាក់ទំនងសុំការបំភ្លឺពីគាត់មិនបានទេ នៅពេលនេះ។
ចំណែកលោកស៊ិន សៀងឡាយ នាយរង សង្កាត់រដ្ឋបាលព្រៃឈើទំរីង បានប្រាប់អ្នកសារ ព័ត៌មានឲ្យដឹងថា ចំណុចព្រៃនេះ ជាតំបន់ព្រៃឈើដាំស្ដារឡើងវិញ ស្ថិតនៅក្នុងដែនព្រៃអង់ តែនជាព្រៃហាមឃាត់ របស់រដ្ឋ។លោក ស៊ិន សៀងឡាយ បានបញ្ជាក់ថា ការកាប់ទន្ទ្រានដីព្រៃនេះ គឺលោកទទួលស្គាល់ថា មានមែន ហើយឈ្មោះអ្នកកាប់ទន្ទ្រានដីព្រៃនេះខ្លះ ត្រូវបានសមត្ថកិច្ចរដ្ឋ បាលព្រៃឈើ កសាងសុំណុំរឿងបញ្ជូនទៅតុលាការអស់ហើយ និងខ្លះទៀត កំពុងស្រាវជ្រាវបន្ត។
គួរបញ្ជាក់ថា កាលពីថ្មីកន្លងមក អ្នកសារព័ត៌មានបានចូលទៅកន្លែងកាប់ទន្ទ្រានរំលោភយក ដីព្រៃនេះ គឺប្រទះនឹងអ្នកកំពុងកាប់ព្រៃនេះ ៣ទៅ៤ នាក់ ពួកគាត់បានឆ្លើយថា ពួកគាត់ជាកម្មករ គេជួល គេកាប់តែប៉ុណ្ណោះ ចំណែកដីនេះ មានឈ្មោះ សៀង ព្រីង ប្រពន្ធឈ្មោះទុំ ចេក ,តុល ឡន គាត់ជា មេសាខា អង្គការបរិស្ថាន១ ដែលមានទីស្នាក់ការនៅភូមិទំអរនេះ និងឈ្មោះ អ៊ា ស្រួ។
ប៉ុន្តែឈ្មោះ តុល ឡន និងឈ្មោះ អ៊ា ស្រួ បានច្រានចោលការចោទប្រកាន់នេះថា ខ្លួនគ្មានដី នៅកន្លែងនេះ សូម្បីតែបន្តិចនោះ ។ទាំងនេះ ជាចោទប្រកាន់របស់ឈ្មោះ សៀង ព្រីង និងប្រពន្ធ ឈ្មោះ ទុំ ចេក តែប៉ុណ្ណោះ ក្នុងគោលបំណងបំភ័ន្តភ្នែកសាធារណជន និងបន្លាចកុំឲ្យពួកគាត់ ឬប្រជា ពលរដ្ឋផ្សេង ចូលទៅរុករានដីព្រៃនោះ ដែលគាត់បានដើរប្រាប់អ្នកភូមិថា ជាដីកម្មសិទ្ធ របស់ គាត់នោះ ។
ដោយប្រតិកម្មនេះហើយ ទើបមានការលេចមុខប្រជាពលរដ្ឋ៣៤គ្រួសារ ប្ដឹងពីឈ្មោះ សៀង ព្រីង និងប្រពន្ធឈ្មោះ ទុំ ចេក នេះ ទៅអាជ្ញាធរ ,ស្ថាប័នជំនាញ និងស្ថាប័នអយ្យការ អមសា លាដំបូង ខេត្តកំពង់ធំជាដើម ដោយមានឈ្មោះ អ៊ា ស្រួ ជាតំណាង៕