តុលាការសម្រេចបិទ សិប្បកម្ម ផលិតគុយទាវ មួយកន្លែងនៅក្រុងសៀមរាប បន្ទាប់ពីរកឃើញមានសារធាតុ (បូរ៉ាក់ ឬ ទឹកអន្សា )
សៀមរាប ៖ ទីតាំងអាជីវកម្មផលិតសរសៃគុយទាវនៅក្រុងសៀមរាប ដែលលាយសារធាតុផ្សំ ( បូរ៉ាក់ ឬ ទឹកអន្សា ) នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៦ ត្រូវបានតុលាការ ចេញដីកាឲ្យបិទ ។
លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៦ បានប្រសាសន៍ថា សិប្បកម្មផលិតគុយទាវសរសៃធំមួយកន្លែង ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវសមត្ថកិច្ចនគរបាល សម្រេចបិទ និងបញ្ឈប់ការធ្វើអាជីវកម្មជាស្ថាពរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ បន្ទាប់ពីមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានកាំកុងត្រូល នៅរាជធានីភ្នំពេញ បញ្ជាក់ថា នៅក្នុងម្សៅផលិតគុយទាវនោះ បានរកឃើញសារធាតុផ្សំ (បូរ៉ាក់ ឬទឹកអន្សា) ដែលជាគីមីត្រូវបានហាមឃាត់។
លោក បានរំលឹកថា សិប្បកម្មគុយទាវសរសៃធំ មួយកន្លែងនេះ ត្រូវបានត្រួតពិនិត្យដោយកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការខេត្តសហការជាមួយមន្ត្រីនៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ ហើយបានសម្រេចឲ្យផ្អាកការផលិតធ្វើអាជីវកម្មជាបណ្តោះអាសន្ន ដោយសារតែសិប្បកម្មមួយនេះ គ្មានច្បាប់អនុញ្ញាតិអាជីវកម្ម និងគ្មានអនាម័យ។
លោកវរសេនីយ៍ឯក សឿន សេន បានបញ្ជាក់ថា ការចោទប្រកាន់ទៅលើម្ចាស់សិប្បកម្មរូបនេះ មាន២ករណី ៖ ករណីទី១.ចោទពីបទ បើកសិប្បកម្មគ្មានច្បាប់អនុញ្ញាតិ និងករណីទី២.យោងតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម តាមមាត្រា ៤៣ និងតាមមាត្រា៦៣ច្បាប់គ្រប់គ្រង គុណភាពសុវត្ថិភាព លើផលិតផលទំនិញ និងសេវា ដែលជនសង្ស័យត្រូវប្រឈម នឹងការដាក់ពន្ធនាគារពី១ខែទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី៥ លាន ទៅ១០លានរៀល ក្នុងទោសណាមួយក្នុងចំណោមទោសទាំង២។
អ្នកស្រី យោក គឹមស៊ុន ម្ចាស់សិប្បកម្មនោះ បានឲ្យដឹងថា សិប្បកម្មផលិតគុយទាវរបស់គាត់បានបើកដំណើរការមានរយៈពេល៥ឆ្នាំមកហើយ ដោយក្នុង១ថ្ងៃៗ ត្រូវបានផលិតចេញលក់ ចាប់ពី៤០គីឡូទៅ៥០គីឡូក្រាម ដែលមានទាំងការលក់បោះដុំនៅផ្សារលើធំថ្មី និងផ្សារចាស់(ក្រុងសៀមរាប) ព្រមទាំងឲ្យកូនចៅ យកទៅលក់ឲ្យម៉ូយ តាមកន្លែងផ្សេងៗ ថែមទៀតផង។
អ្នកស្រី បញ្ជាក់ថា អ្នកស្រី ពិតជាប្រើប្រាស់សារធាតុបារ៉ាក់ នោះមែន គឺប្រើដើម្បីធ្វើឲ្យសរសៃ គុយទាវស្វិតល្អ មិនផុយ ហើយអ្នកស្រីក៏មិនបានដឹងថា ការប្រើសារធាតុនេះ មានគ្រោះថ្នាក់ និងខុសច្បាប់នោះដែរ។ នេះគឺជាលើកទី១ហើយ ដែលសមត្ថកិច្ចខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនម្ចាស់ សិប្បកម្មគ្មានច្បាប់និងមិនមានការទទួលខុសត្រូវ លើការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផលទំនិញនិងសេវា ទៅកាន់តុលាការ៕
ដកស្រង់ ៖ គេហទំព័របាយ័ន