បុរសម្នាក់ ត្រូវជនមិនស្គាល់មុខ ចាក់សម្លាប់ យកទៅផ្លុងចោលនៅវាលស្រែ សង្ស័យអំពើប្លន់
សៀមរាប ៖ បុរសម្នាក់ត្រូវបាន ឃាតករចាក់សម្លាប់រួចយកទៅផ្លុងចោលនៅវាលស្រែនៃស្រុកស្វាយលើហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញរួចរាយការណ៍ទៅសមត្ថកិច្ច។ ឯសមត្ថកិច្ចនៅមិនទាន់មានអត្តសញ្ញាណក្នុងករណីនេះនៅឡើយ។
ករណីបង្កការភ្ញាក់ផ្អើលនេះ កើតឡើង នៅវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៦ចំងាយ ពីភូមិប្រហែល២០០ម៉ែត្រ ក្នុងភូមិឆេះចាន ឃុំស្វាយលើ ស្រុកស្វាយលើ។
ប្រជាពលរដ្ឋ ដឹកគោយកទៅចង បានប្រទះឃើញសពបុរសដេកស្លាប់ ក៏បានរាយការណ៍ទៅកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយលើ ហើយភ្លាមៗ នោះកម្លាំងនគរបាលបានចុះទៅដល់កន្លែងកើតហេតុ បានធ្វើការហ៊ុមព័ទ្ធ កន្លែងសពជនរងគ្រោះរងចាំកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះទៅធ្វើការពិនិត្យ។
សមត្ថកិច្ច បានបង្ហើបថា បើតាមការសន្និដ្ឋាន ករណីខាងលើនេះ ជាអំពើឃាតកម្មពីព្រោះនៅលើរូបរាងកាយជនរងគ្រោះមានស្លាកស្នាមចាក់និងកាំបិតនៅផ្នែកខាងក្រោយទើបបណ្ដាលឲ្យស្លាប់។ សមត្ថកិច្ច បានបន្តថា នៅកន្លែងកើតហេតុមិនបានបន្សល់ទុកអ្វីដែលឲ្យសមត្ថកិច្ចស្គាល់អត្តសញ្ញាណនោះទេ សពស្លៀកពាក់អាវការ៉ូល្អិត ពណ៌ប្រផេះ ស្លៀក ខោប៊ូយជើងវែង ហើយមានរុំស្បៃម៉ុងពណ៌ខៀវ។
សមត្ថកិច្ច បានបន្ថែមថា ជន រងគ្រោះអាចត្រូវបានជនល្មើសចាក់សម្លាប់ហើយប្លន់យករបស់អ្វីមួយហើយយកសពទៅទម្លាក់ ចោលនៅវាលស្រែ។ បច្ចុប្បន្នសពត្រូវបានយកទៅរក្សាទុកនៅវត្តត្រាង ស្ថិតក្នុង ស្រុកស្វាយលើ រងចាំក្រុមគ្រួសារឬសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕