សមត្ថកិច្ចបញ្ជូនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ទៅសាលាដំបូងខេត្ត
ត្បូងឃ្មុំ៖ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន ចុះល្បាតត្រួតពិនិត្យ ក្នុងភូមិសាស្ត្រស្រុកមេមត់ បានប្រទះឃើញមុខសញ្ញាជនសង្ស័យ បានធ្វើការឆែកឆេររកឃើញថ្នាំញៀន ត្រូវបាននាំខ្លួនមកសាកសួរបន្ថែម ។
ករណីនេះ បានធ្វើឡើង កាលពីល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នៅ ចំណុចតារាងបាល់ទាត់ខ្នងក្រពើ ស្ថិតនៅភូមិខ្នងក្រពើកើត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៤កញ្ចប់ និងវត្ថុតាងម៉ូតូ១គ្រឿង ។
សមត្ថកិច្ចជំនាញ បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ហឿង មករា ហៅ វិត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិខ្នងក្រពើលិចឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កំពុងជិះម៉ូតូក្នុងទិសដៅ ពីលិចទៅកើត កម្លាំងសមត្ថកិច្ចយើងហៅសុំធ្វើការត្រួតពិនិត្យស្ទាបឆែកឆេរ ជនសង្ស័យ បានបោះថ្នាំញៀនម៉ាទឹកកក១ កញ្ចប់តូច លើដី កម្លាំងយើង បាននាំខ្លួន ជនសង្ស័យ រួមនឹង វត្ថុតាង ម្សៅក្រាមពណ៌សថ្លា ១កញ្ចប់តូច និងម៉ូតូ១គ្រឿង ម៉ាកស្ទេប ពណ៌ផ្កាឈូកចាស់ គ្មានស្លាកលេខ បញ្ជូនទៅអធិការដ្ឋាន នគរបាលស្រុកមេមត់ បន្តធ្វើការត្រួតពិនិត្យបន្ថែម រកឃើញ ទូរស័ព្ទម៉ាក សាំសុង ថ្នាំញៀន ម៉ាទឹកកក ចំនួន៣កញ្ចប់ តូច ។
ករណីនេះ ជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធី ៕