ជនអត្តសញ្ញាណម្នាក់ ត្រូវរថភ្លើងកិនស្លាប់យ៉ាងអាណោចអាធ័ម នៅសង្កាត់អណ្តូងខ្មែរ
កំពត ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបាន រថភ្លើងកិនស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៥ និង ១៥នាទីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងចំណុចភូមិអណ្តូងខ្មែរ (ហៅភូមិខ្នាចរុន) សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។
ប្រជាពលរដ្ឋដើរទៅចំការ បានប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់លើផ្លូវរថភ្លើង នៅចំណុចភូមិខាងលើ ក៏បានទូរស័ព្ទ រាយការណ៍ ទៅនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អណ្តូងខ្មែរ ចុះទៅពិនិត្យកន្លែងកើតហេតុ ភ្លាមៗ ធ្វើកោសលវិច័យសាកសព។
លោក ងឹម វ៉េត អធិការនគរបាល ក្រុងកំពត បានឲ្យដឹងថា បុរសដែលរថភ្លើងកិនស្លាប់នេះ ពុំមានអ្នកស្រុក នៅក្បែរកន្លែងកើតហេតុស្គាល់អត្តសញ្ញាណនោះទេ សាកសពមានភិនភាគសម្បុរទង់ដែង កំពស់១ម៉ែត្រ៥០ជាង ស្លៀកខោខូប៊យជើងវែងពាក់អាវក្រណាត់យឺតដៃវែង ពណ៌ទឹកប៊ិច សក់រួញ ពាក់ស្បែកជើងផ្ទាត់ពណ៌លឿង អាយុប្រហែល២៦-២៧ឆ្នាំ។
លោក បន្តទៀតថា ជនរងគ្រោះអាចស្រវឹងស្រា ហើយដេកលើផ្លូវ រថភ្លើងដែលកិនមានទិសដៅ ពីភ្នំពេញទៅខេត្តព្រះសីហនុ មកដល់ចំណុចកើតហេតុចន្លោះម៉ោង៥ជាងទៀបភ្លឺ ការសន្និដ្ឋាននេះដោយឃើញសាកសពនៅមានឈាមហូរស្រស់ៗ។
ក្រោយពីពិនិត្យធ្វើកោសលវិច័យ រួច ដោយសមត្ថកិច្ចស្រាវជ្រាវរកក្រុមគ្រួសារមិនឃើញ ហើយសាកសពមិនអាចទុកយូរបាន ត្រូវបានរៀបធ្វើពិធីនិមន្តព្រះសង្ឃ និងលោកអាចារ្យចាត់ចែងបូជានៅវត្តពិជ័យឧត្តុង ៕