មេធាវីមួយរូប ត្រូវបានលុបឈ្មោះចេញពីបញ្ជីគណៈមេធាវី ព្រោះបំពានក្រមសីលធម៌វិជ្ជាជីវៈ
ភ្នំពេញ ៖ មេធាវីមួយរូបដែលបំពេញការងាររយៈពេលជាង៦ឆ្នាំ ត្រូវបានលុបឈ្មោះចេញពីបញ្ជីគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ។ ប្រធានគណៈមេធាវី បញ្ជាក់ថា ការសម្រេចនេះព្រោះមេធាវីរូបនេះ បានបំពានក្រមសីលធម៌វិជ្ជាជីវៈមេធាវី ។
យោងតាមសេចក្តីសម្រេច ចុះថ្ងៃទី២៧ ខែកក្កដា ហើយទើបផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែកក្កដា លោក ប៊ុន ហុន ប្រធានគណៈមេធាវី សម្រេចលុបឈ្មោះលោក ស៊ុន សំអុល អត្តលេខ៦៨៨ ចេញពីបញ្ជីគណៈមេធាវីចាប់ពីថ្ងៃចេញសេចក្តីសម្រេចនេះតទៅ ។
លោក ស៊ុន សំអុល បានបម្រើការងារជាមេធាវីពេញសិទ្ធិនៅឆ្នាំ២០១០ មានទីលំនៅបច្ចុប្បន្ន ស្ថិតនៅសង្កាត់ បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក ប៊ុន ហុន ប្រធានគណៈមេធាវី បញ្ជាក់ថា ការលុបឈ្មោះ លោក ស៊ុន សំអុល ពេលនេះ ដោយសារលោកបានបំពានក្រមសីលធម៌វិជ្ជាជីវៈមេធាវី ។ លោក បន្ថែមថា លោក ស៊ុន សំអុល ក៏មានការពាក់ព័ន្ធនឹង ការចោទប្រកាន់ជាច្រើន ផងដែរ ជុំវិញការបំពេញភារកិច្ចរបស់ខ្លួន។
ទោះជាយ៉ាងណា លោក ប៊ុន ហុន បានបញ្ជាក់ថា លោក ស៊ុន សំអុល អាចប្តឹងទៅសាលាឧទ្ធរណ៍ ក្នុងរយៈពេល២ខែ បើសិនជាលោក មិនពេញចិត្តទៅ នឹងសេចក្តីសម្រេច របស់គណៈមេធាវី ។ពាក់ព័ន្ធករណីនេះ ពុំទាន់អាចសុំការបំភ្លឺពីលោក ស៊ុន សំអុល បាននៅឡើយទេ ៕
ដកស្រង់ ៖ គេហទំព័របាយ័ន