ប្រាសាទបន្ទាយទ័ព កំពុងទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្ត
បន្ទាយមានជ័យ ៖ ប្រាសាទបន្ទាយទ័ពដែលជាប្រាសាទធំជាងគេទីពីរនៅក្នុងខេត្តបន្ទាយមានជ័យនោះ កំពុងតែ ទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរ ដោយសារតែទីតាំងនិងសម្រស់ធម្មជាតិ ដែលនៅជុំវិញនោះ ។
ប្រាសាទបន្ទាយទ័ព ដែលជាប្រាសាទធំ បង្អស់ និងល្បីឈ្មោះលំដាប់ទីពីរបន្ទាប់ពីប្រាសាទបន្ទាយឆ្មារ នៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ នោះបានក្លាយជាតំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ និងអេកូទេសចរណ៍មួយទៀត ដែលកំពុងតែទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិនិង អន្តរជាតិជាបណ្តើរៗហើយ ។
ប្រាសាទនេះ មានទីតាំងឋិតនៅក្នុងភូមិថ្នល់ដាច់ ឃុំថ្មពួកស្រុកថ្មពួក ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៥៦ ពីទីរួមខេត្ត ទៅទិសខាងជើងរួចបត់ទៅកើតត្រង់ភូមិថ្មដែកកេះតាមផ្លូវលំក្នុងចម្ងាយផ្លូវជាង៥០គីឡូម៉ែត្រ ឬតាមផ្លូវជាតិនេះ ដដែលមកពីប្រាសាទបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ រួចចូលតាមផ្លូវលំដដែល។
លោក ប្លែក វ៉ារី អភិបាលស្រុកថ្មពួក បានឲ្យដឹងកាលពីថ្ងៃទី២៧ ខែកក្កដា ម្សិលម៉ិញថា បច្ចុប្បន្នប្រាសាទនេះ បានក្លាយជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ និងធម្មជាតិចម្រុះ។ប្រាសាទនេះបានទទួលភ្ញៀវជាអ្នកគោរពសក្ការៈលើអ្នកតារក្សាប្រាសាទនៅក្រោមប្រាង្គ កណ្តាល របស់ប្រាសាទនិងរូបសំណាក លោកឪធំ ៥អង្គ(រូបព្រះបាទជ័យវរ្ម័នទី៧ទ្រង់ប្រក់នាគដែលឆ្លាក់ថ្មីតម្កល់ក្នុងសាឡុំកសាង កាលពីឆ្នាំ២០១០។
លោក បានបន្តថា ភ្ញៀវចូលចិត្តផ្តិតរូប ជាមួយកំពូលទាំងបីនៃប្រាង្គប្រាសាទដែលជាទិដ្ឋភាពនៃសម្រស់ និងតម្លៃ បើទោះជាវាមានសភាពទ្រុឌទ្រោមរកកល់នឹងបាក់បែក ។
លោក និយាយបន្តថា មួយរយៈចុងក្រោយនេះមានភ្ញៀវទេសចរបរទេសចម្រុះបានជិះម៉ូតូមកទស្សនា ប្រាសាទ នេះហើយស្នាក់លំហែរ និង ហូបអាហាររហូតដល់ព្រលប់ទើបត្រឡប់ ។
លោក ម៉ៅ ស៊ី អនុប្រធានសហគមន៍ទេសចរណ៍ប្រាសាទបន្ទាយឆ្មារ បាននិយាយថា ក្រៅពីប្រាសាទបន្ទាយឆ្មារ ដែលមានភ្ញៀវទេសចររាប់រយនាក់ក្នុងមួយខែៗនោះប្រាសាទបន្ទាយទ័ពឋិតនៅលំដាប់ទីពីរក្នុងការទទួលភ្ញៀវ។ បើទោះជាទទួលបានតិចបើប្រៀបធៀបនឹងតំបន់ទេសចរវប្បធម៌ប្រវត្តិសាស្ត្រឬកែច្នៃ និងអេកូទេសចរណ៍ធំៗក្នុងប្រទេសប៉ុន្តែចំនួននេះជាការប្រែប្រួលរីកចម្រើនបើធៀប នឹងពេលមុនមានផ្លូវជាតិលេខ៥៦នោះ។
លោក បានបន្ថែមថា តម្លៃមួយទៀតនៃប្រាសាទនេះគឺមានដើមឈើធម្មជាតិចម្រុះ និងដាំថ្មីព្រមទាំងវាលស្រែព័ទ្ធជុំវិញដែលមានផ្កាចម្រុះពណ៌រីកស្គុសស្គាយស្ទើរគ្រប់រដូវផងដែរ គួរជាទីចាប់អារម្មណ៍របស់ទេសចរដែលចូលចិត្តការលំហែកម្សាន្តតាមបែបតំបន់ស្រុកស្រែចម្ការ នៅថ្ងៃចុងសប្តាហ៍ថ្ងៃឈប់សម្រាកនិងថ្ងៃបុណ្យជាតិជាដើម ដើម្បីបន្ធូរអារម្មណ៍។
ប្រាសាទបន្ទាយទ័ព ត្រូវបានកសាងឡើង នៅចុងសតវត្សរ៍ទី១២ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនា។
លោក ជង់ ឡឹម ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្នុងខេត្តនេះមិនទាន់មានតំបន់ទេសចរណ៍ធម្មជាតិពាក់កណ្តាលធម្មជាតិប្រវត្តិសាស្ត្រ និងកែច្នៃណាដែលទាក់ទាញភ្ញៀវ ទេសចរច្រើនលើសលុបនោះទេ ហើយក៏មិនទាន់មានក្រុមហ៊ុនឬអាជីវករណាវិនិយោគដែរលើកលែងតែរមណីយដ្ឋានកែច្នៃ ៕