សមត្ថកិច្ចខេត្តបន្ទាយមានជ័យ បង្ក្រាបសត្វអណ្ដើករាប់សិបក្បាល ដែលឈ្មួញនាំចូលតាមច្រករបៀង
បន្ទាយមានជ័យ ៖ សត្វអណ្ដើករាប់សិបក្បាលដឹកតាមរយះរថយន្តកាំម៉ារី ចូលពីប្រទេសថៃ ត្រូវបាន សមត្ថកិច្ចខេត្តបន្ទាយមានជ័យ ដេញចាប់បានកាលពីរសៀលថ្ងៃទី២៧ កក្កដា២០១៦ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំនុច សាលាក្រហម ក្នុងស្រុកអូរជ្រៅ។
តាមការបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា ដោយទទួលបានព័ត៌មានពីការនាំចូលសត្វព្រៃពីប្រទេសថៃ លោកបានចាត់អោយកំលាំងជំនាញ របស់ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ធ្វើការបង្ក្រាប ដោយដេញប្រផាប់ ប្រភីង រហូតឃាត់បាននៅចំនុចខាងលើ។
ក្រោយការបង្ក្រាបបាន ក៏នាំយកមកស្នងការនគរបាលខេត្ត ដោយបានអញ្ជើញមន្ត្រីរដ្ឋបាលព្រៃឈើមកចូលរួមត្រួត ពិនិត្យទៅតាមនីតិវិធីច្បាប់។
មន្ត្រីខណ្ណរដ្ឋបាលព្រៃឈើបន្ទាយមានជ័យ បានអោយដឹងថា សត្វអណ្ដើកដែលនគរបាលបង្ក្រាបបាន មិនទាន់ដឹកថា មានចំនួនប៉ុន្មាននោះទេ ព្រោះយប់ងងឹតលោកស្នងការថា ចាំព្រឹកថ្ងៃទី២៨កក្កដានេះ ទើបប្រគល់អោយខាងជំនាញ។ចំពោះសត្វអណ្តើកទាំងអស់ដែលមានចំនួនច្រើនត្រូវបានឈ្មួញ លួចលាក់ដឹកដោយដាក់ក្នុងការុងជាច្រើនពីប្រទេសថៃ។
ជំនួញសត្វព្រៃពីប្រទេសថៃចូលកម្ពុជា ឬបន្តទៅប្រទេសផ្សេងតែងត្រូវបានឈ្មួញជួញដូរជាញឹកញាប់តាមច្រករបៀង ដែលសមត្ថកិច្ចបង្ក្រាបបានយូរៗម្តង។ដូចជាកន្លងមកមានការជួញដូរសត្វខ្លាឃ្មុំ ជាដើម៕