ក្នុងមួយថ្ងៃៗ អង្គភាពប្រឆាំងអំពើពុករលួយ ទទួលបានពាក្យបណ្តឹងពី៣ទៅ៤បណ្តឹង
ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអះអាងថា អង្គភាពប្រឆាំងអំពើពុករលួយក្នុងមួយថ្ងៃៗ ជាមធ្យមបានទទួលពាក្យបណ្តឹងទាក់ទង និងអំពើពុករលួយចំនួនពី៣ ទៅ៤ពាក្យបណ្តឹង ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ នៅថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០១៦នេះថា ពាក្យបណ្តឹងដែលអង្គភាពប្រឆាំងអំពើពុករលួយទទួលបាននោះ មានទាក់ទងនិងការគ្រប់គ្រងនិងភាពមុនច្បាស់លាស់ និងមាន ការសង្ស័យ នៅលើការគ្រប់គ្រងក្នុងស្ថាប័ន ដែលម្ចាស់បណ្តឹងទាំងនោះ បានទាមទារឲ្យអង្គភាពប្រឆាំងអំពើពុករលួយជួយពិនិត្យនិង ស៊ើបអង្កេតដើម្បីចាត់វិធានការប្រឆាំងអំពើពុករលួយតាមច្បាប់។
បើតាមការបញ្ជាក់ពីសំណាក់ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រធានអង្គ ភាពប្រឆាំងអំពើពុករលួយគឺជាមធ្យម អង្គភាព បានទទួលពាក្យបណ្តឹងមិនតិចជាង១០៤ពាក្យបណ្តឹង ក្នុងមួយខែៗ ហើយកាន់តែច្បាប់ទៀត ក្នុងមួយឆ្នាំអង្គភាពប្រឆាំងអំពើពុករលួយទទួលពាក្យបណ្តឹងជាច្រើនទាក់ទងនិងអំពើពុករលួយដែលប្តឹង មកពីគ្រប់ស្ថាប័ន ទាំងអស់ក្នុងប្រទេសកម្ពុជា ។ ករណីនេះអង្គភាពយកទៅពិនិត្យម្តង មួយករណីតាមនីតិវិធីច្បាប់ និងករណីខ្លះកោះហៅប្រធានសាមីអង្គភាពមកបំភ្លឺ និងខ្លះធ្វើលិខិតព្រមានស្តីបន្ទោសពីសំណាក់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជាដើម។ល៕