បោះទុនវិនិយោគជាង១០០លានដុល្លារ ដោយក្រុមហ៊ុនបរទេស មួយលើតំបន់ឆ្នេរសេះស ក្រុងព្រះសីហនុ
ព្រះសីហនុ ៖ ដោយមើលឃើញពីសក្ដានុពលផ្នែកទេសចរណ៍របស់ក្រុងព្រះសីហនុ ក្រុមហ៊ុនបរទេសមួយ បានសម្រេចបោះទុន ជាង១០០លានដុល្លារ ដើម្បីអភិវឌ្ឍន៍ រមណីយដ្ឋានពហុ គម្រោង ដែលគ្រោងនឹងចាប់ផ្តើមនៅចុងឆ្នាំនេះ ។
ក្រុមហ៊ុនបរទេសមួយ ដែលមានឈ្មោះថា KC JSM Service, Ltd. បានសម្រេចបោះទុនវិនិយោគជាង១០០លានដុល្លារ ដើម្បីអភិវឌ្ឍតំបន់ឆ្នេរសេះស ក្បែរកំពង់ផែក្រុងព្រះសីហនុ ដែលគម្រោងនេះ នឹងចាប់ផ្តើមការសាងសង់នៅក្នុងខែតុលាចុងឆ្នាំនេះ ។
នេះបើតាមការឲ្យដឹងរបស់លោក គ្រីស្តូប ហ្វរស៊ីនីទី នាយកប្រតិបត្តិក្រុមហ៊ុន KC JSM Service, Ltd. ក្នុងកម្មវិធីធ្វើ បទបង្ហាញអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន ជូនអាជ្ញាធរខេត្ដ នៅសាលាខេត្ដព្រះសីហនុ កាលពីថ្ងៃទី២៥ ខែកក្កដា នេះ ។
លោក បានបានបញ្ជាក់ថា ក្រុមហ៊ុនបានដាក់ទុនវិនិយោគចំនួន១១៩លានដុល្លារអាមេរិក ទៅលើគម្រោងវិនិយោគរមណីយដ្ឋានពហុគម្រោងនៅតំបន់ឆ្នេរសេះស នេះ លើទំហំផ្ទៃដីជិត៦ម៉ឺនម៉ែត្រក្រឡា ដែលឋិតនៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្ដព្រះសីហនុ ។
លោក បានបន្ដថា ក្រុមហ៊ុនបានធ្វើការសិក្សាលើគម្រោងនេះអស់រយៈពេលប្រមាណបួនឆ្នាំរួចមកហើយ អំពីផលប៉ះពាល់បរិស្ថាននិងបញ្ហាផ្សេងៗ រួមទាំងដំណោះស្រាយនានាផងដែរ។ ក្រុមហ៊ុននឹងចាប់ផ្ដើមគម្រោងសាងសង់នៅខែតុលាឆ្នាំនេះ ហើយត្រូវការរយៈពេលប្រមាណពីរឆ្នាំ ក្នុងការរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់។ ចំពោះការអភិវឌ្ឍន៍រមណីយដ្ឋានពហុគម្រោងរបស់ក្រុមហ៊ុនKC JSM Service, Ltd.ដែលជាក្រុមហ៊ុនធំលំដាប់ថ្នាក់ពិភពលោកមួយនេះ នឹងផ្តល់ការងារជិតបីពាន់កន្លែង ជាមួយនឹងការផ្តល់ប្រាក់បៀវត្សទាបបំផុត២០០ដុល្លារក្នុងមួយខែ ។
លោក យន្ដ មីន អភិបាលនៃគណៈអភិបាលខេត្ដ ព្រះសីហនុ បានថ្លែងថា រដ្ឋបាលខេត្តព្រះសីហនុស្វាគមន៍ជានិច្ចចំពោះគម្រោងវិនិយោគអភិវឌ្ឍន៍នានារបស់វិនិយោគិនជាតិ អន្ដរជាតិ ក្រុមហ៊ុនជាតិ អន្ដរជាតិ ដែលមានបំណងមករកស៊ី វិនិយោគនៅខេត្ដព្រះសីហនុនេះ ហើយអាជ្ញាធរខេត្តប្ដេជ្ញានឹងការពារការវិនិយោគទាំងនោះឲ្យបានល្អប្រើសើរ ៕
ដកស្រង់ ៖ គេហទំព័របាយ័ន