បុរសម្នាក់ ខូចចិត្តដែលប្រពន្ធលែងលះ បានសម្រេចចិត្តចង.ក សម្លាប់ខ្លួនឯង
ត្បូងឃ្មុំ ៖ បុរសម្នាក់ បានលែងលះគ្នា ជាមួយប្រពន្ធ ទំនងជាខូចចិត្ត បានសម្រេចចិត្ត បញ្ចប់ជីវិត ដោយយកខ្សែនីឡុង ចង.កទៅនឹងផ្លានបន្ទប់ចង្ក្រានបាយក្នុងផ្ទះ ដែលមានកំពស់៣ ម៉ែត្រ បណ្តាល ឲ្យស្លាប់នៅនឹងកន្លែង។
ហេតុការណ៍ បង្កភ្ញាក់ផ្អើល នេះបានកើត ឡើងនៅចន្លោះម៉ោង១៣ និង០០នាទី ថ្ងៃទី២៦ កក្កដា ឆ្នាំ២០១៦ នៅភូមិ៣៦ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ច ស្រុកត្បូងឃ្មុំ បានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ អ៊ុន ហ្សឺឌី ហៅចក់ អាយុ២៥ ឆ្នាំ នៅភូមិកើតហេតុ ឪពុកឈ្មោះ អ៊ុន អ៊ន់ ម្តាយឈ្មោះ ប៉ិល នាត បានធ្វើអត្តឃាត ដោយយកខ្សែនីឡុង ចងកទៅនឹងផ្លាន បន្ទប់ចង្ក្រានបាយក្នុងផ្ទះ ដែលមានកំពស់៣ ម៉ែត្រ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង កើតហេតុ។
សមត្ថកិច្ច បានបន្ដថា ជនរងគ្រោះ ធ្លាប់មានប្រពន្ធ ឈ្មោះ ប៊ន ស្រីជា អាយុ ២៥ ឆ្នាំរស់នៅភូមិជាំក្រវៀន ឃុំជាំក្រវៀន ស្រុកមេមត់ មានកូន ស្រី១នាក់ ឈ្មោះ វ៉ិត ស្រីកែវ អាយុ៨ ឆ្នាំ ហើយបានបែកបាក់គ្នានៅឆ្នាំ ២០១១ មកម្ល៉េះ ចាប់ពីពេលបែកបាក់គ្នា ជនរងគ្រោះហាក់ដូចមានអារម្មណ៍ ខុសប្រក្រតី ហើយមុនពេលដែលធ្វើអត្តឃាត គេសង្កេតឃើញជនរងគ្រោះ ទាញយករូបថតកូនស្រីមកមើល ដោយមើលហើយមើលទៀត ក្រោយមកស្រាប់តែ ដល់ពេលម៉ោង ១៦ និង០០ នាទី ថ្ងៃកើតហេតុ ឈ្មោះ ផាត ស្រីវៀន ភេទស្រី អាយុ ១៨ ឆ្នាំ ត្រូវជាក្មួយសព ចូលយកអង្ករដាំបាយហូប ស្រាប់តែឃើញជនរងគ្រោះ ចងកស្លាប់ទៅហើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ នគរបាលស្រុកត្បូងឃ្មុំ សហការជាមួយគ្រូពេទ្យ និងគ្រួសារសព ពិនិត្យសាកសព ឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយអត្តឃាត ដោយចងកពិតប្រាកដមែន។ បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ច ជំនាញអធិការ ដ្ឋាន នគរបាលស្រុកត្បូងឃ្មុំ ប្រគល់ឱ្យ ទៅសាច់ញាតិ នៃសព យកទៅធ្វើបុណ្យ តាមប្រពៃណី៕