ចាប់ខ្លួនអ្នកពាក់ព័ន្ធគ្រឿងញៀន២០នាក់ បន្ថែមទៀត នៅម្តុំមុខពេទ្យលោកសង្ឃ
ភ្នំពេញ ៖ ជនសង្ស័យចំនួន២០នាក់បន្ថែមទៀត មកពីតំបន់ផ្សេងគ្នា ត្រូវបានកម្លាំងនគរបាលខណ្ឌសែន សុខ ឃាត់ខ្លួនកាលពីថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០១៦ នៅម្តុំមុខពេទ្យលោកសង្ឃ ក្នុងភូមិ ត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ក្នុងការបង្ក្រាបនោះ សមត្ថកិច្ចមិនបានដកហូតថ្នាំញៀនពីពួកគេទេ តែបានរកឃើញ នូវសម្ភារៈកែច្នៃជា ឧបករណ៍សម្រាប់សេពថ្នាំញៀន បានមួយចំនួន នៅទីនោះ មានន័យថា ពួកគេមួយចំនួនឬក៏ទាំងអស់ អាចជាអ្នកបានប្រើប្រាស់ថ្នាំញៀនដោយអំពើ ខុសច្បាប់ ។
លោក វរសេនីយ៍ឯក ម៉ក់ ហុង អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបញ្ជាក់ថា ជនទាំង២០នាក់នោះ កំពុងនាំយកមកឃុំខ្លួនជាបណ្តោះអាសន្នសិន ដើម្បីធ្វើការត្រួតពិនិត្យទឹកនោមរកសារជាតិថ្នាំញៀន តែបើសិនជាបុគ្គលណាមិនមានសារជាតិ ថ្នាំញៀននៅក្នុងខ្លួនទេ ជននោះនឹងត្រូវដោះលែងវិញ រីឯអ្នកដែលមានសារជាតិថ្នាំញៀន ក្នុងខ្លួននោះ នឹងត្រូវបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
មតិសាធារណជន បានលើកឡើងថា ប្រតិបត្តិការ ចុះបង្ក្រាបថ្នាំញៀន នៅម្តុំមុខពេទ្យលោកសង្ឃ របស់នគរបាលខណ្ឌ សែនសុខ មានសកម្មភាពមមាញឹកណាស់ ក្នុង រយះពេល១ខែ មានវត្តមានចំនួន៤ទៅ៥ដង ប៉ុន្តែគ្រាន់តែចាប់ មិនបាននូវ ថ្នាំញៀនសោះ បើចាប់បានមានតិចតួចណាស់៕